សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២០ ឆ្នាំ២០២១ និងពិធីបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល ហើយក្នុងនោះក៏មានពិធីចែកសញ្ញាបត្រជូនដល់សិស្សមន្ត្រីផងដែរ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទីព្រឹក នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នៃការប្រារព្វពិធីនេះ ជាលើកទី១ហើយសម្រាប់សាលាភូមិន្ទរដ្ឋបាល បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាបានធូរស្បើយ ហើយការរស់នៅ និងការប្រកបការងារប្រចាំថ្ងៃរបស់ប្រជាជនទូទៅ បានវិលត្រឡប់មកប្រក្រតីភាពឡើងវិញស្ទើរតែទាំងស្រុង។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកទល់បច្ចុប្បន្ន សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាលមន្ត្រីរាជការសរុបចំនួន ១៦៦០៦អង្គ/នាក់ ដែលមានទាំងវគ្គបណ្តុះបណ្តាលរយៈពេលវែង និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ហើយសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន និងដំណើរបន្តឆ្ពោះទៅមុខ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសាធារណៈ និងបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការ ក្នុងមុខតំណែងដឹកនាំ និងគ្រប់គ្រងអង្គភាពនៅគ្រប់កម្រិត៕