បច្ចុប្បន្នវិស័យអចលនទ្រព្យកម្ពុជា មានចរន្តការកាន់តែខ្លាំងលើការលក់ ទិញ ឬផ្ទេរកម្មសិទ្ធិ ដីឡូត៍ ឬលំនៅឋាននៅតាមបុរីនានា ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។ តើ «បុរី» «អ្នកអភិវឌ្ឍបុរី» «ក្បាលដី» និង «ដីឡូត៍» មានន័យបែបណា? ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញនិយមន័យជូន ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងបុរី ដូចខាងក្រោម៖
១. បុរី ៖ សំដៅដល់ទីតាំងមួយ ដែលត្រូវបានរៀបចំ ជាដីឡូត៍ ជាសំណង់លំនៅឋាន សំណង់ផ្សេងៗ លម្ហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅលើក្បាលដីតែមួយ ស្របតាមគម្រោងប្លង់សរុបរបស់បុរី ដែលបានទទួលការអនុញ្ញាតជាផ្លូវការ។
២. អ្នកអភិវឌ្ឍបុរី ៖ សំដៅដល់រូបវន្តបុគ្គល (បុគ្គលម្នាក់) ឬនីតីបុគ្គល (ក្រុមហ៊ុន) ដែលដាក់ទុនវិនិយោគលើការសាងសង់បុរី។
៣. ក្បាលដី ៖ សំដៅដល់ក្បាលដី ដែលអ្នកអភិវឌ្ឍបុរី ប្រើប្រាស់ជាទីតាំងសម្រាប់រៀបចំបុរី។ ក្បាលដីរបស់បុរីចែកចេញជាដីឡូត៍ ដីឡូត៍លំនៅឋាន និងដីសំណង់ផ្សេងៗទៀត ដែលអាចមានកម្មសិទ្ធិករ ដោយឡែកៗ លើដីឡូត៍ លើប្រភេទលំនៅឋាន និងអគារនីមួយៗ។ លំនៅឋានក្នុងបុរី មានជាអាទិ៍ ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ អគារសហកម្មសិទ្ធិ ផ្ទះល្វែង និងប្រភេទសំណង់ផ្សេងទៀត។
៤. ដីឡូត៍ ៖ សំដៅដល់ចំណែកនៃដី ដែលចែកចេញជាក្បាលដី ជាទីតាំងនៃបុរី ហើយអ្នកអភិវឌ្ឍបុរីបានរៀបចំទៅតាមប្រភេទសំណង់ ដូចមានកំណត់ក្នុងប្លង់សរុបរបស់បុរី៕