ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរការតែងតាំង លោក អ៊ឹង ស៊ីវម៉េង ជាអគ្គនាយកក្រុមហ៊ុន អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនិងនិយោជិក ក្រុម ហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និង ដៃគូអាជីវកម្ម ជាង៤០០នាក់ នៅសណ្ឋាគារសូហ្វីតែល។
លោក អ៊ឹង ស៊ីវម៉េង អគ្គនាយកក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប ទើបឡើងថ្មីជានរណា!
លោក អ៊ឹង ស៊ីវម៉េង ជាកូនប្រុសច្បងរបស់ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា។ លោកបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប តាំងពីដើមឆ្នាំ២០២១ ក្នុងតួនាទីជាអគ្គនាយករង។
លោក អ៊ឹង ស៊ីវម៉េង បញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oxford Brookes នៅចក្រភពអង់គ្លេស។ លោកបានបំពេញការងារក្នុងគម្រោងជាច្រើនជាមួយក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ចាប់តាំងពីឆ្នាំ២០១៨ មានគម្រោងវិនិយោគក្នុងស្រុក និងក្រៅប្រទេសជាច្រើនផងដែរ។ នេះគឺជាបទពិសោធសម្រាប់គម្រោងវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេសដែលមានថវិការាប់លានដុល្លារដូចជា៖ គម្រោងសុខភាពតាមអ៉ីនធឺណិត គម្រោងផលិតកម្ម និងគម្រោងសំណង់ធំៗនៅក្នុងប្រទេសកម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅក្នុងចក្រភពអង់គ្លេស លោកក៏ជាស្ថាបនិកម្នាក់ក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា (PrimeCarers) ដែលគាត់នៅបន្តជាម្ចាស់ភាគហ៊ុនរហូតមកដល់ពេលបច្ចុប្បន្ន។
ក្នុងពិធីអបអរសាទរការតែងតាំងលោក អ៊ឹង ស៊ីវម៉េង ជាអគ្គនាយកក្រុមហ៊ុន លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលជាឳពុក បានបញ្ជាក់ថា ពេលនេះជាពេលវេលាដ៏សក្កិសមបំផុតក្នុងការផ្ដល់ឱកាសបន្តវេនទៅលោក អ៊ឹង ស៊ីវម៉េង ជាកូនប្រុសច្បង ដើម្បីបន្តដឹកនាំក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនទៅមុខ ។
លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានបន្តថា ការសម្រេចតែងតាំងលោក អ៊ឹង ស៊ីវម៉េង ជាអគ្គនាយកក្រុមហ៊ុន គឺឈរលើហេតុផលធំៗចំនួន០៥៖
ទី១-ជាតម្រូវការចាំបាច់របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន
ទី២ លោក អ៊ឹង ស៊ីវម៉េង មានចំណេះដឹងគ្រប់គ្រាន់ដោយបានបញ្ចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oxford Brookes នៅចក្រភពអង់គ្លេស
ទី៣ លោកមានបទពិសោធន៍ធ្លាប់ជាសមាជិក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅចក្រភពអង់គ្លេស ហើយនៅបន្តជាម្ចាស់ភាគហ៊ុនរហូតមកដល់បច្ចុប្បន្ន
ទី៤ លោកមានទេពកុសល្យ និងភាពច្នៃប្រឌិតខ្ពស់ ដឹកនាំដោយមានយុទ្ធសាស្ត្រច្បាស់លាស់តាមបែបឌីជីថល
និងទី៥ លោកមានភាពជាអ្នកដឹកនាំ មានអត្តចរិតល្អ ផ្តល់ភាពជាគំរូ ស្តាប់ហេតុផល និងបានគិតគូរដល់មនុស្សជំវិញខ្លួន ជាពិសេសបុគ្គលិកក្រោមឱវាទ និងតែងគិតគូរការជួយត្រឡប់ទៅវិញដល់សង្គមជាតិ។
លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់កូនប្រុសច្បង ក្រុមហ៊ុននឹងមានការរីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបន្តពង្រឹងភាពជាដៃគូរ បង្កើតនិងបង្កើនទំនាក់ទំនងថ្មីៗបន្ថែមទៀត។
សម្រាប់លោក អ៊ឹង ស៊ីវម៉េង បានថ្លែងថា នេះជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់រូបលោកផ្ទាល់ ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ដែលតួនាទីជាអគ្គនាយកក្រុមហ៊ុន ស្ថិតក្រោមការគ្រប់គ្រងយកចិត្តទុកដាក់ខ្ពស់របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលជាស្ថាបនិកនិងជាអគ្គនាយក អស់រយៈពេលជាងមួយទស្សវត្សមកហើយ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការផ្ទេរតួនាទីដ៏សំខាន់មួយនេះដល់រូបលោក។
នៅចំពោះមុខប្រធានអគ្គនាយកក្រុមហ៊ុន និងក្រុមគ្រួសារ ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិក សរុបជាង៤០០នាក់ លោក អ៊ឹង ស៊ីវម៉េង បានប្តេជ្ញាចិត្តទទួលយកតួនាទីថ្មីនេះ ប្រកបដោយទំនុកចិត្តខ្ពស់ និងការទំនួលខុសត្រូវ ដើម្បីបន្តដឹកនាំក្រុមហ៊ុនវិវឌ្ឍន៍ទៅជាក្រុមហ៊ុនដ៏រឹងមាំ វិបុលភាព និងនាំមកនូវកិត្តិយសសម្រាប់អ្នកទាំងអស់គ្នា។ លោក ក៏មានទិសដៅច្បាស់លាស់ នឹងដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលការណ៍សំខាន់ៗដើម្បីជាកាតាលីករសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន ដោយបើកទ្វារថ្មីមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយុវជនជំនាន់ក្រោយនាពេលអនាគតផងដែរ។
គួរបញ្ជាក់ថា ដ្បិតតែផ្តល់ជូនភារកិច្ចដឹកនាំចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃទៅកូនប្រុសច្បង លោក អ៊ឹង ស៊ីវម៉េង ជា អគ្គនាយកក្រុមហ៊ុន ប៉ុន្តែឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ នៅតែបន្តដឹកនាំក្រុមហ៊ុនក្នុងមុខតំណែងជា ប្រធានអគ្គនាយកក្រុមហ៊ុន៕