កាលពីប៉ុន្មានសប្ដាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសកោះហៅបុគ្គលិកមកធ្វើការនៅការិយាល័យឡើងវិញ បើសិនជាមិនចង់បាត់បង់ការងារ ខណៈសេចក្ដីប្រកាសមួយនេះបានធ្វើឲ្យបុគ្គលិកជាច្រើនមិនពេញចិត្តឡើយ។
ខុសពីមេធំ Tesla លោក Howard Schultz មិនប្រើធម៌ក្ដៅទេ ពោលគឺព្យាយាមលួងលោមបុគ្គលិកដោយវិធីសាស្ត្រត្រជាក់ ពោលគឺស្នើសុំឲ្យបុគ្គលិកធ្វើការពេញម៉ោងទាំងអស់ វិលត្រឡប់មកកាន់ការិយាល័យឡើងវិញ បើទោះជាត្រូវឲ្យលោកលុតជង្គង់អង្វរក៏យល់ព្រម។ នេះបើតាមការចុះផ្សាយពី Insider។
ប្រាប់ទៅកាន់ The New York Times, CEO នៃក្រុមហ៊ុន Starbucks បង្ហើបថា លទ្ធភាពការងារបច្ចុប្បន្នហាក់ជាប់គាំង ដោយសារកង្វះខាតបុគ្គលិកនៅក្រុមហ៊ុន ស្របពេលការធ្វើការពីផ្ទះ មិនអាចបំពេញតម្រូវការបានទាន់ពេលវេលាដូចជានៅការិយាល័យឡើយ។
“បើទោះជាខ្ញុំព្យាយាមគ្រប់វិធីសាស្ត្រ ប៉ុន្តែវាហាក់ដូចជាមិនទទួលបានជោគជ័យក្នុងការហៅពួកគេ (បុគ្គលិក) មកកាន់ការិយាល័យ។ ខ្ញុំបានសន្យាជាមួយពួកគេថា ឲ្យតែពួកគេព្រមត្រឡប់មកការិយាល័យវិញ ទោះជាត្រូវឲ្យខ្ញុំលុតជង្គង់ ឬក៏ឲ្យខ្ញុំធ្វើយ៉ាងម៉េចក៏បានដែរ”។
សូមជម្រាបដែរថា មុនពេលមេធំប្រកាសកោះហៅបុគ្គលិកបែបនេះ ក៏មានបុគ្គលិកមួយចំនួនបានវិលមកការិយាល័យហើយដែរ ប៉ុន្តែ CEO រូបនេះបានទម្លាយថា ចំនួនបុគ្គលិកដែលត្រឡប់មកការិយាល័យគឺមានតិចតួច ជាហេតុធ្វើឲ្យលោកត្រូវតែហៅបុគ្គលិកពេញម៉ោងមកធ្វើការបន្ថែមទៀត៕