ក្រុមហ៊ុនចំនួន ៣ បានទទួលការយល់ព្រមដើម្បីបង្កើតរោងចក្រឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះញ្ជីជាគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ០៣ នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ១៨,៨លានដុល្លារ អាចផ្ដល់ការងារជូនប្រជាពលរដ្ឋជាង១៤០០កន្លែង។ ក្រុមហ៊ុនទាំង ៣ ដែលត្រៀមសម្រាប់វិនិយោគបង្កើតជារោងចក្រនោះរួមមាន៖
១.ក្រុមហ៊ុន AMTO CHEMICAL TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
២.ក្រុមហ៊ុន Kai Feng Wood Products (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុន វិនិយោគចំនួន ៦,៦ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៣.ក្រុមហ៊ុន MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញវិញ្ញាបនបត្រចុះញ្ជីជូនដល់ក្រុមហ៊ុន ដែលមានគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់នៅរាធានីភ្នំពេញ ១ផងដែរគឺ៖ ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTDដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ២៦២ C ផ្លូវលេខ ១៣៦ DT ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង៕