ប៉ុន្មាននាទីមុននេះ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ឡើងវិញ ក្រោយមានការលើកឡើងទាំងមិនច្បាស់លាស់លើការដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅមុននេះថា ការដំឡើងបៀវត្សរបស់មន្រ្តីរាជការនឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣។
តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ១៤ ខែមិថុនានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា ម្សិលមិញ សម្ដេចបានប្រកាសអំពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់អំពីពេលវេលា ដែលបង្កឲ្យមានការភ័ន្តច្រឡំ។
នៅក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី ១៣ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ។
ថ្លែងចេញពីក្នុងវេទិកា នៃកម្មពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២០-២០២១ សម្ដេចតេជោ បានមានប្រសាសន៍ថា “យើងខានដំឡើងបៀវត្ស ឆ្នាំ២០២០ក៏មិនបានឡើង ២០២១ ក៏មិនបានឡើង ឥឡូវឆ្នាំ២០២២នេះ យើងនឹងចាប់ផ្ដើមឡើង តែឡើងនឹងមិនគិតជាភាគរយទេណា ឡើងតាមរបៀប អ្នកប្រាក់ខែតិចឡើងបានច្រើនជាង អ្នកប្រាក់ខែខ្ពស់ហើយឡើងតិចជាង “។
សម្ដេចតេជោក៏បានលើកឡើងចំៗពីគ្រូបង្រៀន និងគ្រូពេទ្យ ប្រាក់ទាបបំផុត ឱ្យបាន១លានកន្លះ៕