ថ្មីៗនេះ ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BoI) បានធ្វើការអនុម័ត ចំពោះការបណ្តាក់ទុនរួមគ្នា ដែលមានតម្លៃប្រមាណ ៣៦,១ ពាន់លានបាត ឬជាង ១ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ និងក្រុមហ៊ុន PTT Plc របស់ថៃ ដើម្បីផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ។ នេះបើយោងតាមការចុះសផ្សាយពីកាសែត Bangkok Post កាលពីថ្ងៃចន្ទ ។
មិនតែប៉ុណ្ណោះ BoI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោង Horizon Plus Co របស់ក្រុមហ៊ុនខ្នាតយក្សទាំង ២ ខាងលើ គឺជាកម្មវិធីវិនិយោគមួយ ក្នុងចំណោមកម្មវិធីវិនិយោគជាច្រើនទៀត ដែលមានតម្លៃសរុបប្រមាណ ២០៩,៥ ពាន់លានបាត ទាក់ទងជាមួយនឹងការផលិត និងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានអនុម័ត ។
លោកស្រី Duangjai Asawachintachit អគ្គលេខាធិការរបស់ BoI បាននិយាយថា ៖ ” គម្រោងបណ្តាក់ទុនរួមគ្នានេះ នឹងគាំទ្រដល់ការវិនិយោគ នៅក្នុងឧស្សាហកម្ម EV រួមទាំងការបង្កើតគោលនយោបាយថ្មីមួយ ដើម្បីប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលផលិត EV របស់អាស៊ីអាគ្នេយ៍ ” ។
ក្រៅពីនោះ គម្រោងផ្សេងទៀត ដែលត្រូវបានអនុម័ត ក៏រួមបញ្ចូលផងដែរ នូវការវិនិយោគចំនួនទឹកប្រាក់ ១៦២,៣ ពាន់លានបាត សម្រាប់គម្រោង Asia Era One Co របស់ក្រុមហ៊ុន CP Group ដើម្បីសាងសង់ផ្លូវដែកល្បឿនលឿន តភ្ចាប់រវាងអាកាសយានដ្ឋានទាំងបី ដែលមានទីតាំងនៅទីក្រុងបាងកក និងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតនៃប្រទេស ។
ទន្ទឹមនឹងនេះ BoI ក៏បានអនុម័តចំពោះអត្ថប្រយោជន៍ បន្ថែមសម្រាប់ការវិនិយោគ ក្នុងការផលិតអាគុយ EV សម្រាប់ទាំងគម្រោងដែលមានស្រាប់ និងគម្រោងថ្មីៗ រួមទាំងកាត់បន្ថយពន្ធចំពោះការនាំចូលរហូតដល់ ៩០% លើវត្ថុធាតុដើមសំខាន់ៗ សម្រាប់រយ:ពេល ៥ ឆ្នាំ ក្នុងករណីដែលផលិតផល ត្រូវបានដាក់លក់ នៅក្នុងស្រុក ៕