កាលពីថ្ងៃអង្គារទី ១៤ មិថុនា ២០២២ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលចិនត្រូវតែលុបចោលទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអូស្ត្រាលី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយពី CNA។
សូមជម្រាបដែរថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអូស្ត្រាលីលើផ្នែករ៉ែដែក ប៉ុន្តែទំនាក់ទំនងអន្តរជាតិរវាងប្រទេសទាំង ២ គឺមានភាពរកាំរកូសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រាប់ទៅកាន់សារព័ត៌មាននៅ Brisbane នាយករដ្ឋមន្ត្រី Anthony Albanese និយាយ៖ “ចិនគឺជាអ្នកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអូស្ត្រាលី ហើយពួកគេត្រូវតែលុបចោលទណ្ឌកម្មសេដ្ឋកិច្ចទាំងនោះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញ”។
គួសរំលឹកដែរថា ជំនួបរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី និងចិនបានជួបគ្នាជាលើកដំបូង ក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីប្រទេសទាំង ២ ពាក់មុខយក្សដាក់គ្នាលើវិស័យពាណិជ្ជកម្មកាលពីប៉ុន្មានឆ្នាំមុន ខណៈការប្រជុំគឺធ្វើឡើងកាលពីថ្ងៃទី ១២ មិថុនាដើម្បីពិភាក្សាពីបញ្ហាទាក់ទងនឹងដែនកោះប៉ាស៊ីហ្វិក៕