ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។
ពានបាល់ទាត់ពិភពលោកដែលមកដល់ទឹកដីកម្ពុជាជាប្រវត្តិសាសស្រ្តនៅថ្ងៃនេះ ធ្វើពីមាសសុទ្ធទម្ងន់ជាង ៦ គីឡូក្រាម មានតម្លៃប្រមាណ ២០លានដុល្លារ។
ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។
កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោក ដែលរួមមានក្បួនដង្ហែពានរង្វាន់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕