រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣ លាន ៣សែន ៦ម៉ឺនដុល្លារ អាមេរិក ដើម្បីអនុវត្ត“គម្រោងកម្មវិធី អាហារូបករណ៍សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស(JDS)”។
ការប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងនេះ គឺបានឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។
ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខាកាលថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ ដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម កា ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស ជប៉ុនប្រចាំកម្ពុជា។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា នៅប្រទេសកម្ពុជា ការអភិវឌ្ឍធនធានមនុស្សដែលមានការអប់រំខ្ពស់ និងបទពិសោធន៍អន្តរជាតិ គឺជាកិច្ចការបន្ទាន់ដើម្បី បង្កើនសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជានិងលើកកម្ពស់ គុណភាពជីវិតជាមួយនឹង ស្តង់ដារអន្តរជាតិ។
ដូច្នេះហើយ ប្រទេសជប៉ុនបាននិងកំពុងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនបន្ថែមទៀត។ ប្រភពដដែល បានបន្តថា ជាផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ ជួយមន្ត្រីវ័យ ក្មេងកម្ពុជាឲ្យទទួលបានសញ្ញាបត្រ (អនុបណ្ឌិត / បណ្ឌិត) ពីថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសជប៉ុន។
តាមរយៈជំនួយនេះ ភាគីជប៉ុនរំពឹងថា ធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត នាពេលអនាគតលើវិស័យនីមួយៗ ការយល់ដឹងរួម គ្នាព្រមទាំងការកសាងទំនាក់ទំនងមិត្តភាពរវាង ជប៉ុន និងធកម្ពុជាផងដែរ៕