វិនិយោគិនខ្មែរ និងបរទេសភាគច្រើនបានស្គាល់មហាសេដ្ឋី ពុង ឃាវសែ ជាអ្នកវិនិយោគដ៏មានឥទ្ធិពលនិងរឹងមាំបំផុតអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងពិភពជំនួញនៅកម្ពុជា។ លោកបានវិនិយោគស្ទើរតែគ្រប់វិស័យ ប៉ុន្តែ អ្វីដែលលេចធ្លោជាងគេ គឺក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និង សំណង់អចលនទ្រព្យ។
នៅពីក្រោយភាពជោគជ័យដ៏ត្រចេះត្រចង់រុងរឿងរបស់មហាសេដ្ឋីល្បីល្បាញគ្រប់គ្រងអាណាចក្រជំនួញប្រាក់ពាន់លានដុល្លារជាច្រើននៅក្នុងដៃរូបនេះ ក៏មានការចូលរួមជ្រោមជ្រែងពីថ្នាក់ដឹកនាំកំពូលៗ រួមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរ។
យ៉ាងណាក៏ដោយ មហាសេដ្ឋី ឬអ្នកមានកំពូលៗតែងតែមានទីប្រឹក្សា និងបុគ្គលជាជំនួយការនៅកៀកជាប់ខ្លួនក្នុងការបំពេញបេសកកម្មក្រុមហ៊ុនមួយឲ្យបានជោគជ័យ។ សម្រាប់មហាសេដ្ឋី ពុង ឃាវសែ ក៏មិនមានអ្វីខុសប្លែកពីមហាសេដ្ឋី អ្នកឧកញ៉ា ឧកញ៉ាដទៃទៀតដែរ ជានិច្ចកាលលោកតែងតែបង្ហាញសហគ្រិនបរទេសម្នាក់កាន់តួនាទីធំ មានសិទ្ធិអំណាចក្នុងការសម្រេចចិត្ត ឬមានវត្តមានគ្រប់កម្មវិធីរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
បុរសម្នាក់នោះ គឺគ្មាននរណាក្រៅពីពាណិជ្ជករ ឆារស៍ វ៉ាន់ ដែលជាជនចិនមករស់នៅកម្ពុជាច្រើនទសវត្សមកហើយ ខណៈបច្ចុប្បន្នលោកក៏មានសញ្ជាតិខ្មែរផងដែរ។ លើសពីនេះលោកក៏ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីពេលកន្លងទៅ។
ឧកញ៉ា ឆារស៍ វ៉ាន់ ជាអគ្គនាយករងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) អគ្គនាយករងកាណាឌីយ៉ាគ្រុប និងក្រុមហ៊ុនសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ពោលគឺក្រុមហ៊ុន Cambodia Airport Investment Co., Ltd ។
លោកគឺជាសហគ្រិនម្នាក់ដែលចូលរួមអភិវឌ្ឍនិងដឹកនាំសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ អាកាសយានដ្ឋាននេះជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិន។
លោកក៏ជាអតីតប្រធានសមាគមធនាគារនៅកម្ពុជា (The Association of Banks in Cambodia) និងជាអគ្គហិរញ្ញឹកនៃសមាគមអ្នកសាងសង់កម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា ពុង ឃាវសែ។
ក្រៅពីនោះលោកក៏ជាធុរជនម្នាក់ដែលស្និតស្នាលនឹងរាជរដ្ឋាភិបាលកម្ពុជា ខណៈបច្ចុប្បន្នលេចលឺព័ត៌មានថា លោកឧកញ៉ាក៏មានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់របស់ស្ថានីយ៍ទូរទស្សន៍ បាយ័ន គ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា កូនស្រីសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាផងដែរ៕