ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើលិខិតជម្រាបទៅដល់មន្ទីរជំនាញរបស់ខ្លួនទាំង ២៥រាជធានី ខេត្ត ដើម្បីឱ្យកែសម្រួលរូបមន្តក្នុងការចុះបញ្ជីអចលនវត្ថុជាប្រភេទទ្រព្យសម្បត្តិដោយឡែករបស់សហព័ទ្ធណាម្នាក់ ដែលស្ថិតក្នុងស្ថានភាពស៊ីវិល “ពោះម៉ាយ” ឬ “មេមាយ” ដោយសារមរណភាពរបស់សហព័ទ្ធម្ខាងទៀត និងកែសម្រួលលើរូបមន្ត និងឯកសាររណបផ្សេងទៀត ដែលធ្លាប់ប្រើពាក្យ “ខ្មោច” ទៅជាពាក្យ “មតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណី។
តាមរយៈលិខិតលេខ១៣៩១ ដនស/អសដភ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា ពាក្យ “ខ្មោច” ដែលប្រើនៅក្នុងរូបមន្តកន្លងមក ជាពាក្យដែលប្រើនៅក្នុងក្រមរដ្ឋប្បវេណីចាស់ ប៉ុន្តែបច្ចុប្បន្នមានក្រមរដ្ឋប្បវេណីថ្មី ដែលបានផ្លាស់ប្តូរប្រើពាក្យពេចន៍ថ្មីជាច្រើនជំនួសពាក្យពេចន៍ចាស់ៗ ដែលធ្លាប់ប្រើនៅក្នុងក្រមរដ្ឋប្បវេណីចាស់ ក្នុងនោះ ក៏មានពាក្យ “ខ្មោច” ផងដែរ ដែលត្រូវបានជំនួសដោយពាក្យថ្មីគឺ “មតកជន” ដែលមានន័យថា ជនឬបុគ្គលដែលបានស្លាប់ទៅហើយ។
ដូចនេះ ក្រសួងសម្រេចឱ្យកែសម្រួលរូបមន្ត តាមលំនាំដូចខាងក្រោម៖
១) ករណីទ្រព្យសម្បត្តិដោយឡែកខាងប្តី ឧទាហរណ៍ សុខ សាន (ពោះម៉ាយពីខ្មោចនាង ច័ន្ទ រតនា)
២) ករណីទ្រព្យសម្បត្តិដោយឡែកខាងប្រពន្ធ ឧទាហរណ៍ នាង ច័ន្ទ រតនា (មេម៉ាយពីខ្មោច សុខ សាន)
ប្តូរទៅជា៖
១) ករណីទ្រព្យសម្បត្តិដោយឡែកខាងប្តី ត្រូវសរសេរថា ឧទាហរណ៍ សុខ សាន (ពោះម៉ាយពីមតកជន ច័ន្ទ រតនា)
២) ករណីទ្រព្យសម្បត្តិដោយឡែកខាងប្រពន្ធ ត្រូវសរសេរថា ឧទាហរណ៍ នាង ច័ន្ទ រតនា (មេម៉ាយពីមតកជន សុខ សាន)។
ក្រៅពីនេះ ក្រសួង ក៏តម្រូវឲ្យកែសម្រួលលើរូមមន្ត និងឯកសាររណបផ្សេងទៀត ដែលធ្លាប់ប្រើពាក្យ “ខ្មោច” ទៅជាពាក្យ “មតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីផងដែរ។
ដើម្បីអនុវត្តការងារនេះឱ្យបានរលូន ក្រសួងដែនដី នឹងចាត់មន្ត្រីជំនាញពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចុះសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្តទាំងអស់ ក្នុងការតម្លើងរូបមន្តថ្មី ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យ (Database System) សម្រាប់ការប្រើប្រាស់តរៀងទៅ៕