យោងតាមអ្នកជំនាញខាងឧស្សហកម្ម បានបង្ហាញការព្យាករថា គម្រោងក្នុងការតភ្ជាប់ផ្លូវទឹករវាងខេត្តកែប ប្រទេសកម្ពុជា និងកោះត្រល់ ប្រទេសវៀតណាម អាចនឹងមានផលល្អ សម្រាប់អ្នកទេសចរក្នុងតំបន់ និងសម្រាប់ភ្ញៀវទេសចរនៅប្រទេសលោកខាងលិច ផងដែរ ។
យ៉ាងណា បើតាមការចុះផ្សាយពីសារព័ត៌មាន TGG ក្នុងពេលថ្មីៗនេះ បានបង្ហាញថា មន្ត្រីប្រទេសទាំង ២ កំពុងរៀចចំ ការតភ្ជាប់គោលដៅទេសចរណ៍ទាំង ២ តាមរយ:ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជុំរុញវិស័យទេសចរណ៍នៅទូទាំងខេត្តកែប ខេត្តកំពត និងសូម្បីតែខេត្តព្រះសីហនុផងដែរ ។
ជុំវិញគម្រោងនៃការតភ្ជាប់ផ្លូវទឹកនេះ លោក Jacques Guichandut នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia បាននិយាយថា វានឹងជំរុញឱ្យមានតម្រូវការសម្រាប់ប្រទេសទាំង ២ ជាពិសេសនៅក្នុងចំណោមភ្ញៀវទេសចរ ក្នុងតំបន់ ហើយពិសេសជាងនេះទៅទៀត វាក៏អាចជួយផ្សព្វផ្សាយដល់អតិថិជនក្រុមហ៊ុនរបស់លោក ដែលភាគច្រើននៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ ។
បន្ថែមពីនេះ លោកបានកត់សម្គាល់ទៀតថា ៖ ” នេះជាការរួបរួមគ្នា ដែលយើងមិនអាចមើលរំលង។ កន្លែងទាក់ទាងសំខាន់បំផុតរបស់កោះត្រល់ គឺរមណីយដ្ឋានឆ្នេររបស់ពួកគេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាវិញ យើងក៏មានជម្រើសរមណីយដ្ឋានឆ្នេរ នៅលើកោះរ៉ុង និងរ៉ុងសន្លឹមផងដែរ ” ។
ទន្ទឹមនឹងនេះ លោក Pham ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានបន្ថែមថា ការផ្តល់ជូននេះ នឹងអាចអំពាវដល់ភ្ញៀវទេសចរវៀតណាម និងប្រទេសអាស៊ានផ្សេងទៀត ដែលអាចធ្វើដំណើរមកលេងកម្សាន្តដោយពុំចាំបាច់មានទិដ្ឋាការ ។
មិនតែប៉ុណ្ណោះ លោកបានបន្តទៀតថា ៖ ” នេះជាការផ្លាស់ប្តូរដ៏ល្អ ដោយសារតែការតភ្ជាប់ផ្លូវទឹក រវាងកោះត្រល់ ជាមួយនឹងតំបន់ ដែលពុំសូវមានអ្នកស្គាល់ នៅក្នុងប្រទេសកម្ពុជា ហើយវានឹងអាចផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាម ទៅលេងកន្លែងកម្សាន្តនានាដូចជាខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួល ” ៕