មកទល់ម៉ោងនេះ បញ្ហាកូវីដលែងជាប្រធានបទ ឬឧបសគ្គចំពោះក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាទៀតហើយ ខណៈដែលម្ចាស់គម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យកំពុងបន្តសម្រុកបោះទុនវិនិយោគកាន់តែខ្លាំងឡើងៗ ជាពិសេសក្នុងវិស័យខុនដូ។ ការណ៍នេះ បានញឹងឱ្យក្រុមហ៊ុន ដែលជាភ្នាក់ងារទទួលគម្រោងលក់ខុនដូនៅកម្ពុជា ជាច្រើនមានស្នាមញញឹម និងក្ដីរំពឹងខ្ពស់ត្រលប់មកវិញ។
ក្នុងនោះ ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនកម្រិតស្តង់ដារអន្តរជាតិ មានមែកធាងនៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលាតត្រដាងពីវឌ្ឍភាពនៃដំណើរការលក់ក្នុងវិស័យខុនដូនៅកម្ពុជាថា ទីផ្សារខុនដូនៅកម្ពុជាមានស្ថានភាពល្អប្រសើរឡើងវិញហើយ។
“បើប្រៀបធៀបនឹងស្ថានភាពទីផ្សារខុនដូក្នុងឆ្នាំ២០២១កន្លងទៅ ឃើញថារយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ ចរន្តនៃការទិញលក់ខុនដូមានភាពល្អប្រសើរឡើងច្រើន”។ នេះជាការលើកឡើងរបស់ លោក ខន គង្គា ។
លោកបានពន្យល់ថា នេះក៏ដោយសារតែ កម្ពុជាអាចទប់ស្កាត់ស្ថានភាពកូវីដបានជោគជ័យ ជាហេតុធ្វើឱ្យអាជីវកម្មក្នុងគ្រប់វិស័យល្អប្រសើរមកវិញ។ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ERA រូបនេះ បញ្ជាក់ឱ្យដឹងទៀតថា៖ “បច្ចុប្បន្ន ERA កំពុងកាន់គម្រោងទិញលក់ខុនដូនៅកម្ពុជាជិត ៣០គម្រោង ហើយសុទ្ធតែជាគម្រោងធំៗ ទាំងក្នុងស្រុក និងគម្រោងវិនិយោគមកពីបរទេសកម្រិតស្តង់ដារអន្តរជាតិ។
បើគិតជាទំហំទឹកប្រាក់វិញ លោក ខន គង្គា បានប្រាប់ Oknha News ទៀតថា ជិត ៣០គម្រោង ដែលក្រុមហ៊ុន ERA កំពុងទទូលសិទ្ធលក់នេះ បើគិតជាទំហំសាច់ប្រាក់ ចូលដល់ខ្ទង់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិចឯណោះ។
ក្នុងនាមជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏សកម្មនៅកម្ពុជា និងជាមគ្គុទេសន៍ដឹកនាំក្រុមហ៊ុន និងបុគ្គលិកដ៏ឆ្នើម លោក គង្គា បានបង្ហាញពីចក្ខុវិស័យ និងក្ដីស្រមៃដ៏ធំមហិមា។ លោកថា ថ្ងៃទៅថ្ងៃមុខអគ្គនាយកក្រុមហ៊ុន ERA Cambodia រូបនេះ បានអះអាងថា ERA មិនត្រឹមតែក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅកម្ពុជាទេ គឺនឹងវិវឌ្ឍន៍ក្លាយជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេ នៅក្នុងអាស៊ីតែម្ដង។
ក្រុមហ៊ុន ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើតំបន់សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន ERA មានបុគ្គលិកសកម្មលើផ្នែកផ្ដល់សេវាកម្មទិញ លក់ និងជួទលអចលនទ្រព្យក្នុងវិស័យខុនដូនេះ ចំនួនជាង ១៥០០នាក់ និងកំពុងបន្តជ្រើសរើសបុគ្គលិកបន្ថែមជារៀងរាល់ថ្ងៃ ហើយទៅថ្ងៃមុខ ដើម្បីសម្រេចបានតាមផែនការ ក្រុមហ៊ុននេះ ដាក់មហិច្ឆតាថា នឹងបង្កើនភ្នាក់ងាររបស់ខ្លួនឱ្យដល់ ២ម៉ឺននាក់។
ក្រុមហ៊ុន Knight Frank ដែលជាភ្នាក់ងារអចលនទ្រព្យ និងជាអ្នកប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យដ៏មានវិជ្ជាជីវៈ និងមានវ័យចាស់វស្សាក្នុងឧស្សាហកម្មអចលនទ្រព្យ បានបង្ហាញពីការព្យាករណ៍ថា ចំនួននៃការផ្គត់ផ្គង់ខុនដូនៅកម្ពុជា នឹងកើនដល់ជាង ៧ម៉ឺន ៨ពាន់ យូនីត (ស្មើនឹង១៧៥ អគារ) នៅត្រឹមឆ្នាំ២០២៥ ខណៈដែលកាលពី ឆ្នាំ ២០២១ កន្លងទៅ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ បានកើនដល់ជាង ២ម៉ឺន ៧ពាន់យូនីត (ស្មើនឹង៩៥ អគារ) ។
ដោយឡែក របាយការណ៍ពីខាងក្រសួងទេសចរណ៍ វិញបានបង្ហាញថា រយៈពេល ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ២៤ម៉ឺននាក់ កើនឡើងជាង ១៩០% បើធៀបនឹងឆ្នាំចាស់។ កត្តាទាំងអស់ខាងលើនេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា អះអាងថា វិស័យសអចលនទ្រព្យ និងសំណង់ នៅកម្ពុជា នឹងបន្តរីកលូតលាស់កាន់តែខ្លាំង ក្នុងពេលឆាប់ៗនេះ៕