បិតា​វិនិយោគិន Warren Buffett ប្រកាស​បរិច្ចាគ​ថវិកា​ ៤ ពាន់​លាន​ដុល្លារ​ក្នុង​កម្មវិធី​សប្បុរសធម៌

អន្តរជាតិ

កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ មហាសេដ្ឋី Warren Buffett បាន​ប្រកាស​បរិច្ចាគ​ទឹកប្រាក់​ផ្ទាល់ខ្លួន​ប្រមាណ ៤ ពាន់​លាន​ដុល្លារ ទៅ​កាន់​ស្ថាប័ន​សប្បុរសធម៌ Bill & Melinda Gates Foundation Trust និង​ក្រុម​គ្រួសារ ៤ ផ្សេងទៀត ខណៈ​ការ​បរិច្ចាគ​មួយ​នេះ​គឺ​ជា​ចំណែក​មួយ​នៃ​ការ​សន្យា​បរិច្ចាគ​ទឹកប្រាក់​របស់​លោក​ស្ទើរ​ទាំងអស់​សម្រាប់​ការ​ធ្វើ​សប្បុរសធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី TheStar បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Berkshire Hathaway Inc. របស់​លោក Buffett បាន​បរិច្ចាគ​ជា​ភាគហ៊ុន​ប្រមាណ ១៤,៤ លាន​ហ៊ុន ដែល​មាន​តម្លៃ​ប្រមាណ ២៧៧,៦៤ ដុល្លារ/ហ៊ុន គិត​ត្រឹម​ហាងឆេង​ថ្ងៃអង្គារ។

ក្នុង​ចំណោម​ភាគហ៊ុន​ដែល​បាន​បរិច្ចាគ​ខាងលើ ចំណែក ១១ លាន​ហ៊ុន​នឹង​ផ្ដល់ជូន​ទៅ​កាន់ Bill & Melinda Gates Foundation ខណៈ ១,១ លាន​ហ៊ុន​ទៀត​នឹង​ផ្ទេរ​ទៅ Susan Thompson Buffett Foundation ដែល​ដាក់​ឈ្មោះ​តាម​ភរិយា​ដំបូង​របស់​លោក​ដែល​បាន​ចែកឋាន​ទៅ​កាលពី​ឆ្នាំ ២០០៤។

ដោយឡែក ភាគហ៊ុន​ដែល​សេសសល់​នឹង​ប្រគល់​ជូន​ទៅ​កាន់​ស្ថាប័ន​សប្បុរសធម៌ ៣ ផ្សេងទៀត​ដែល​កាន់កាប់​ដោយ​កូនៗ​ទាំង ៣ របស់​ Buffeet ​មាន​ដូចជា Howard G. Buffett Foundation, Sherwood Foundation និង Novo Foundation។

បើ​ទោះ​ជា​កន្លង​មក មហាសេដ្ឋី​មាន​បំផុត​ទី ៥ លើ​លោក​បរិច្ចាគ​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ពាន់​លាន​ដុល្លារ​ហើយ​ក្ដី ក៏​ប៉ុន្តែ​លោក​ក៏​នៅ​ជាប់ឈ្មោះ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​មួយ​នៅ Berkshire Hathaway ដែល​មាន​ភាគហ៊ុន ១៦% សរុប​នៅ​ក្នុង​ដៃ និង​មាន​សិទ្ធ​គ្រប់គ្រង ១/៣ នៃ​ក្រុមហ៊ុន​ទាំងមូល។

សូមជម្រាប​ដែរ​ថា ក្រៅពី Warren Buffett ក៏​នៅ​មាន​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​អនេក​ដូចជា Bill Gates, Michael Bloomberg, Larry Ellison, Carl Icahn, Elon Musk និង Mark Zuckerberg ជាដើម សុទ្ធតែ​បាន​ធ្វើ​ការ​សន្យា​ជា​សាធារណៈ អំពី​ការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​យ៉ាងតិច​ពាក់​កណ្ដាល​ ទៅកាន់​កម្មវិធី​សប្បុរសធម៌។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី Reuters៕