សប្បាយទៀតហើយ៖ អ្នកភូមិ​ប​​ង្កោ​ង នឹងរកត្រី​រួមគ្នានៅបឹង​បុរា​ណ​តាមទំនៀមទម្លាប់​នៅ​ថ្ងៃ​ទី២៥ ខែមករា

សង្គម​ និង​សេដ្ឋកិច្ច

ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែង​តែរៀបចំ ពិធីរកត្រីរួមគា្នក្នុងបឹងអភិរក្ស ទៅតាមទំនៀមទម្លាប់របស់អ្នកភូមិ ដែល​ពិធីនេះគេធ្វើជារៀង​រាល់ ឆ្នាំមិនខាន ដើម្បីចាប់ត្រីមកទុក​សម្រាប់ប្រារព្ធពិ​ធីឡើងមាឃ ឬឡើងអ្នកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២០ថា ពិធីរកត្រីឆ្នាំនេះ គឺអ្នកភូមិបាន​ឯក​ភាពគ្នាកំណត់យក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២០ ដើម្បីចុះចាប់ត្រីនៅក្នុងបឹងដែលបានអភិរក្ស ប៉ុន្តែប្រជាពលរដ្ឋដែលអាចចុះចាប់ត្រី នៅក្នុងបឹងនេះ គឺបានសម្រាប់តែអ្នកភូមិបង្កោងប៉ុណ្ណោះ សម្រាប់អ្នកភូមិ​ផ្សេងមិនត្រូវ​បានអនុញ្ញាត​ឱ្យចុះចាប់នោះទេ។

លោក ពេជ្រ ឃិន បានបញ្ជាក់ថា ក្រោយពីប្រកូសប្រកាសឱ្យនេសាទ អ្នកភូមិបាន​ត្រៀម​នូវឧបករណ៍សម្រាប់នេសាទបែបបុរាណ មានសំណាញ់ ឈ្នាង អង្រុត ដោយមិន​អនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ឆក់នោះទេ។ លោកបន្ដថា កម្មវិធីនេសាទត្រីនេះ​នឹងចាប់​ផ្តើម​នៅ​វេលាម៉ោង៧ព្រឹកដោយមានគណៈកម្មការចាំប្រកាសមេក្រូ និងបាញ់​កាំជ្រួញជាសញ្ញា។ លោកបន្ថែមថា អ្នកភូមិដែលមក​នេសាទទាំងអស់នោះមិន​ផ្តោតតែ​លើរកត្រីមួយមុខនោះដែរ គឺមកជួបជុំ សប្បាយរីករាយ និងមានសាមគ្គីភាពកាន់​តែស្និទ្ធ​ស្នាលរវាង​ប្រជាជននៅក្នុងភូមិ​ថែមទៀតផង។ 

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅ​ដោយ​មរតក​អរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់​ខ្ជួន​រហូតមក​ដល់​បច្ចុប្បន្ន៕ AKP