ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក គ្រោងនឹងបើកដំណើរការសួនសត្វធំបំផុតនៅលើទឹកដីខេត្តសៀមរាប។
លោក ម៉េង ហៀង នាយកចាត់ការទូទៅបានឲ្យដឹងថា ការបង្កើតសួនសត្វនេះ គឺចង់ដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងមានដោយកម្រ។
លោក ម៉េង ហៀង បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ ហត។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើគោកសម្រេចបានប្រមាណ ៧០%។
បើតាមប្រធានក្រុមហ៊ុន ថ្ងៃខាងមុខនេះសួនសត្វនឹងស្នើសុំនាំចូលខ្លះបើមានការចាំចាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំគ្រប់ថ្នាក់ (សិស្សានុសិស្ស) នៅកម្ពុជាចូលមកទស្សនា។ ម្យ៉ាងទៀតក៏ដើម្បីអប់រំផ្សព្វផ្សាយអំពីការអភិរក្សសត្វទាំងក្នុងទឹក និងក្នុងព្រៃ ដែលកំពុងទទួលរងការគំរាមកំហែង និងការជួញដូរខុសច្បាប់ជាដើម។
សួនសត្វ អង្គរវ៉ាយដ៏ឡាយហ្វ៍ សាងសង់ឡើងនៅលើផ្ទៃដីទំហំ ២២ហត ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទសត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។
បើតាមប្រភពពីក្រុមហ៊ុន បានចំណាយប្រមាណជា ១៨ លានដុល្លារសម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹងបើកសម្ពោធឲ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ៕