កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ មេធំ Elon Musk បានទទួលពាក្យបណ្ដឹងថ្មីមួយ ដែលជាការប្ដឹងពីសំណាក់ក្រុមវិនិយោគិនដោយផ្ទាល់តែម្ដង។
យោងតាមការចុះផ្សាយពី Reuters បានឲ្យដឹងថា ក្រុមវិនិយោគិន Tesla បានប្ដឹងមហាសេដ្ឋី Elon Musk ពីបទរើសអើងបុគ្គលិកនៅកន្លែងធ្វើការ ការបៀតបៀនបុគ្គលិក និងបង្កបរិយាកាសនៅកន្លែងធ្វើការឲ្យមានសភាពរញ៉េរញ៉ៃ។
“ក្រុមហ៊ុន Tesla បានក្លាយជាកន្លែងធ្វើការដែលមានភាពរញ៉េរញ៉ៃ និងបានក្លាយជាកន្លែងរើសអើងបុគ្គលិក ការបៀតបៀនបុគ្គលិកថ្នាក់ក្រោម”។ នេះបើតាមសម្ដីរបស់វិនិយោគិន Solomon Chau បាននិយាយ។
បុរសខាងលើបានបន្ថែមទៀតថា៖ “បរិយាកាសការងារបែបនេះគឺមានតាំងពីយូរឆ្នាំមកហើយ ប៉ុន្តែទើបនឹងថ្មីៗនេះប៉ុណ្ណោះ ដែលវាបានបែកធ្លាយ ហើយអំពើបែបនេះគឺបានធ្វើឲ្យក្រុមហ៊ុន Tesla មានការខាតបង់យ៉ាងខ្លាំងលើវិស័យហិរញ្ញវត្ថុ និងកិត្តិនាមរបស់ក្រុមហ៊ុន”។
សូមជម្រាបដែរថា ពាក្យបណ្ដឹងខាងលើគឺបានចោទប្រកាន់ទៅកាន់ CEO, Elon Musk និងសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១១ រូបផ្សេងទៀត ដោយបានអះអាងថា អ្នកទាំង ១២ រូបបានបំពានកាតព្វកិច្ចរបស់ពួកគេ និងជាប់ពាក់ព័ន្ធនឹងការរើសអើងបុគ្គលិកនៅក្រុមហ៊ុន។
យ៉ាងណា មកទល់នឹងពេលនេះ RT នៅមិនទាន់អាចសុំការបំភ្លឺបាននៅឡើយពីភាគីអ្នកតំណាង Elon Musk បានឡើយ ដោយសារការស្នើសុំជួបសម្ភាសន៍មិនស្ថិតនៅម៉ោងការងាររបស់ក្រុមហ៊ុន Tesla៕