កាលថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរផងនោះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បានសម្រុកទៅលេងឆ្នេរអូរឈើទាល នៃខេត្តព្រះសីហនុ ប៉ុន្តែក្នុងនោះគេឃើញថាខ្សត់ភ្ញៀវទេសចរបរទេស រួមទាំងភ្ញៀវជនជាតិចិនផងដែរ។
លោក រិន រិទ្ធ បុគ្គលិកសណ្ឋាគារសុខា ខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា រៀងរាល់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទានផ្សេងៗ បច្ចុប្បន្ននេះឆ្នេរអូរឈើទាល មានភ្ញៀវទេសចរក្នុងស្រុកមកលេងកម្សាន្តច្រើនលើសលុប រហូតដល់ស្ទះចរាចរណ៍ផងដែរ។ សម្រាប់ភ្ញៀវបរទេសអឺរ៉ុប គឺពុំសូវមកកម្សាន្តតាមមាត់ឆ្នេរនោះទេ រីឯជនជាតិចិនវិញ ក៏ពុំសូវមាននោះដែរ ចាប់តាំងពីមានវិបត្តិកូវីដ-១៩ ហើយពួកគេបានវិលត្រឡប់ទៅប្រទេសចិនវិញភាគច្រើន។
គួរបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលមកលេងកម្សាន្តតាមឆ្នេរ និងដើម្បីលើកកម្ពស់សោភ័ណ្ឌភាពផងនោះ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោកអភិបាល គួច ចំរើន បានជួសជុលកែលម្អឆ្នេរ ដោយចាក់ខ្សាច់បំពេញកន្លែងណា ដែលមានក្រលុកឬខូង និងឈូសឆាយកន្លែងដែលខ្ពស់ឱ្យរាប់ស្មើគ្នាផងដែរ៕