នៅតាមដងផ្លូវជាតិលេខ១សម្បូរទៅដោយប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះផងដែរតាមដងផ្លូវក៏សម្បូរទៅដោយអ្នកលក់ដូរជាច្រើន។
ឧកញ៉ាញូសន៍បានចុះសម្ភាសន៍អាជីវករមួយចំនួន ដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវជាតិលេខ ១ ចាប់ពីគល់ស្ពានច្បារអំពៅ ដោយពួកគាត់បានលើកឡើងពីសក្តានុពលលក់ដូរលើដងផ្លូវមួយនេះ។
លោកស្រី សាន់ សៀម ប្រកបរបរលក់ផ្លែទុរេននៅលើដងផ្លូវជាតិលេខ ១ ក្បែរវត្តនិរោធន៍អស់រយៈពេល ៥ ឆ្នាំមកហើយ។ បើតាមអាជីវករវ័យ ៤០ ឆ្នាំរូបនេះបានឱ្យដឹងថា ការលក់ផ្លែទុរេននេះជារបរសុចរិតដែលគាត់និងប្ដីបានរកស៊ីជាយូរ។ ការលក់ផ្លែទុរេនក្នុងរដូវនេះមានបងប្អូនអាជីវករលក់ច្រើន តែលោកស្រីនៅតែសប្បាយចិត្តព្រោះមានអ្នកលក់ច្រើន អ្នកទិញក៏ច្រើនដែរ។
លោកស្រីបើកលក់តាំងពីម៉ោង ៦ព្រឹកដល់ម៉ោង១០យប់។ លោកស្រីបានបញ្ជាក់ប្រាប់ថា ថ្ងៃដែលលក់ដាច់ខ្លាំងគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ លក់មួយថ្ងៃបាន ៨០ គីឡូក្រាមទៅ ៩០ គីឡូក្រាមក្នុងមួយថ្ងៃដោយក្នុងមួយគីឡូតម្លៃ១៥០០០ រៀល។ ការលក់ដូរនេះមិនមានបញ្ហាចោទខ្លាំងក្នុងការធ្វើដំណើរមកលក់នោះទេ ព្រោះគ្រួសារលោកស្រីជួលបន្ទប់ស្នាក់នៅនៅក្បែរនោះ។
ចំពោះកញ្ញា វ៉ុន ស្រីរ៉ា ដែលជាអាជីវករលក់ផ្លែទុរេនម្នាក់ទៀត ក៏បានប្រាប់ឧកញ៉ាញូស៍ទាំងទឹកមុខរីករាយផងដែរថា គាត់លក់ក្នុងរដូវទុរេន៦ខែក្នុងមួយរដូវ ចាប់ពីខែ ៦ រហូតដល់ខែ១១ដែលក្នុងមួយថ្ងៃអាចលក់បានចាប់ពី ១០០ គីឡូក្រាមរហូតដល់២០០គីឡូក្រាម។
កញ្ញាវ័យ២៦រូបនេះក៏បានបញ្ជាក់ផងដែរថា តាមផ្លូវជាតិលេខ ១ កកកុញដោយហាងអាជីវកម្ម និងអ្នកដំណើរ ហើយការលក់ដូរដាច់ច្រើនព្រោះតែមានអតិថិជនច្រើនកុះករមកពីទីជិត ឆ្ងាយ ដែលធ្វើដំណើរលើដងផ្លូវនេះ។
រីឯកំលោះវ័យ២៤ឆ្នាំដែលប្រកបរបរលក់បង្អែមអស់រយៈពេល ៤ ឆ្នាំលើដងផ្លូវជាតិលេខមួយនេះក៏បានបង្ហាញពីភាពរីករាយផងដែរ។ ប្រាប់ឧកញ៉ាញូស៍ បុរសវ័យក្មេងរូបនេះប្រាប់ឧកញ៉ាណ៍ថា ក្នុងមួយថ្ងៃគាត់អាចលក់បង្អែមបានចាប់ពី ៥០០ ប្រអប់ឡើងទៅ។ បង្អែមរបស់គាត់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបងប្អូននៅក្បែរនោះព្រោះតែរសជាតិ គុណភាព អនាម័យរួមទាំងតម្លៃសមរម្យ។
បង្អែមរបស់គាត់មានរហូតដល់ ២០ មុខជាងរួមមាន ចាក់កចាន់ ត្រាវ បាក់បិន នំកូរសណ្ដែក បាយដំណើបខ្នុរ បាយដំណើបសង្យាចេក ពោតក្រឡុក ត្រាវក្រឡុក ចេកក្រឡុក លម្អងចេកស្នូលដូង អាកោខ្ទិះ ក្រឡរជីស្នូលដូងល្ងរខ្មៅ នំផ្លែអាយ ចំពោះបង្អែមទាំងនេះគាត់លក់តែមួយប្រអប់៣០០០រៀលតែប៉ុណ្ណោះ ។កម្លោះរូបនេះក៏បានបញ្ជាក់ថាបង្អែមទាំងអស់ ដែលលក់ដាច់ជាងគេគឺ អាកោខ្ទិះ ដំឡូងដុត នំផ្លែអាយ និងក្រឡរជីស្នូលដូងល្ងរខ្មៅ ។
បើតាមស្រ្តីវ័យ ៤៥ ឆ្នាំដែលជាអតិថិជនបានឱ្យដឹងថា ការមានអ្នកលក់ដូរតាមដងផ្លូវច្រើនបែបនេះងាយស្រួលក្នុងការរកទិញ មិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការទិញនោះទេ។
លោកស្រីក៏បានបញ្ជាក់ផងដែរថា ការមានអ្នកលក់ច្រើនធ្វើឱ្យអាជីវករទាំងមានការប្រកួតប្រជែងគ្នាលើគុណភាព រសជាតិ អនាម័យព្រមទាំងតម្លៃផងដែរ។
គួររំឭកផងដែរថាផ្លូវជាតិលេខមួយនេះជាខ្សែរផ្លូវឆ្ពោះទៅព្រំដែនវៀតណាម កាត់តាមអ្នកលឿង និងខ្ពស់ទៅខេត្តព្រៃវែង ស្វាយរៀង ដែលផ្លូវនេះមានប្រវែង ១៦៧,១០ គីឡូម៉ែត្រ។ តាមដងផ្លូវលេខ ១ ចាប់ពីគល់ស្ពានច្បារអំពៅមានភាពមមាញឹក ដោយប្រមូលផ្តុំដោយហាងអាជីវកម្មតូចធំ ខណៈកំណើនពលរដ្ឋមករស់នៅកាន់តែច្រើន ដោយសារមានការសាងសង់បុរីធំៗ រួមទាំងគម្រោងអភិវឌ្ឍជាច្រើនទៀតមកតំបន់ផ្លូវជាតិមួយនេះ៕