លក់ទុរេន​តាមចិញ្ចើមផ្លូវ មួយ​ថ្ងៃ​ចំណេញ​បាន​ជាង ១០ ម៉ឺន​រៀល​

អាជីវកម្ម

របរលក់ផ្លែទុរេនតាមចិញ្ចើមផ្លូវ បាន​ជួយ​សម្រួលដល់ជីវភាពប្រចាំថ្ងៃស្រ្តី​មួយ​រូបដែលមានស្រុកកំណើតនៅខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ​ឧកញ៉ាញូស៍ អ្នកស្រី សាន ស្រីមុំ ដែលមានស្រុកកំណើតនៅភូមិ អន្លង់ទ្រា ឃុំ ព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែងបានលើកឡើងថា អ្នកស្រីប្រកបមុខរបរលក់ផ្លែទុរេននេះអស់រយៈពេលជាង ៤ ឆ្នាំមកហើយ។ របរនេះ​ជា​​ប្រភព​ចំណូល ដែល​បាន​​ជួយដោះស្រាយ​ជីវភាពមួយភាគធំក្នុងគ្រួសារ។

បើតាម​ស្រ្តី​រូបនេះ​ ផ្លែទុរេន​នាំមក​លក់មានប្រភព​មកពីខេត្តកំពង់ចាមជាប្រភេទទុរេន “ម៉ាន់ថង”​តម្លៃ ១៥០០០ រៀលក្នុងមួយគីឡូក្រាម។

ស្រី្តវ័យជាង៤០ឆ្នាំរូបនេះ បានបន្តដោយទឹកមុខរីករាយថា ក្នុងមួយថ្ងៃលក់បានជាមធ្យមជាង ៥០ ទៅ ៦០ គីឡូក្រាម អាចចំណេញបានជាង១០ម៉ឺនរៀល បើថ្ងៃណាដែលដាច់ខ្លាំងឈានដល់ ១០០ គីឡូក្រាមអាចចំណេញជាង ២០ ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយអ្នកមកទិញភាគច្រើនយកផ្លែតូច ផ្លែធំលាយចូលគ្នា។

ទិដ្ឋភាពលក់ធូរេនតាមចិញ្ចើមផ្លូវជាតិលេខ១

ចំពោះបញ្ហាប្រឈមក្នុងការប្រកបមុខរបរនេះគឺ មិនមានផ្លែទុរេនលក់ ផ្លែមិនទាន់ នៅពេលសម្បូរក៏សប្បាយចិត្ត ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថា មិនប្តូរការលក់ទេ ព្រោះរដូវទុរេនក្នុងមួយឆ្នាំ ទំនេរតែ ៣ទៅ៤ខែ តែប៉ុណ្ណោះ។

ជាចុងក្រោយអ្នកស្រី បានអំពាវនាវ ដូចជាការ សំណូមពរជួយទិញ និងគាំទ្រផ្លែទុរេនខ្មែរឲ្យ​កាន់តែច្រើន៕