និស្សិតឆ្នើមមួយរូបរបស់កម្ពុជា គឺកញ្ញា អន ម៉ូនីតា កំពុងទទួលការកោតស្ងប់ស្ងែងក្រៃលែងជាមួយនឹងសមត្ថភាពលេចធ្លោក្នុងវិស័យសិក្សា ដោយមកដល់ពេលនេះកញ្ញាទទួលបានសញ្ញាបត្រនិទ្ទេស A ព្រមទាំងទទួលបានមេដាយ និងពានរង្វាន់ពីការប្រកួតប្រជែងមិនតិចជាង៧០ច្បាប់នោះឡើយ។ ជាងនេះទៀត កញ្ញាក៏មានស្នាដៃឆ្នើមក្នុងវិស័យកីឡា និងកិច្ចការសង្គមធម៌ជាច្រើនផងដែរ។
មោទនភាពនេះគឺជាការចូលរួមលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា តាមរយៈការខិតខំអភិវឌ្ឍសមត្ថភាពឱ្យលេចធ្លោឡើងក្នុងចំណោមនិស្សិតអន្តរជាតិ ព្រមទាំងមជ្ឈដ្ឋានអន្តរជាតិខ្លះដែលបានដឹងបានឮពីសមត្ថភាពឆ្នើមរបស់កញ្ញា អន ម៉ូនីតា ដែលតែងនិយាយប្រាប់គេថាជនជាតិខ្មែរពេញៗមាត់។
និស្សិតខ្មែរដ៏ឆ្នើមរូបនេះបានបញ្ជាក់ថា ទាំងការសិក្សាក្នុងប្រទេសនិងក្រៅប្រទេស កញ្ញាតែងទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំសាលា ពោលគឺបាននិទ្ទេស A គ្រប់មុខវិជ្ជា។ ម្យ៉ាងវិញទៀត កញ្ញាក៏តែងតែចូលរួមប្រកួតប្រជែងនិងទទួលបានមេដាយ និងពានរង្វាន់ផ្នែកភាសាអង់គ្លេស គណិតវិទ្យា អក្សរសាស្រ្ត ព្រមទាំងទទួលបានសញ្ញបត្រលេខ១ខាងចរិយាសម្បត្តិល្អប្រសើរថែមទៀតផង។
ដោយកញ្ញា អន ម៉ូនីតា បានបញ្ជាក់ដូច្នេះថា «មកដល់បច្ចុប្បន្ន កញ្ញាទទួលបានសញ្ញាបត្រឆ្នើម និងទទួលបានមេដាយនិងពានរង្វាន់សរុបជាង៧០ច្បាប់ហើយ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន កញ្ញា អន ម៉ូនីតា កំពុងតែសិក្សានៅសាកលវិទ្យាល័យ គ្រប់គ្រងអាជីវកម្ម និងសណ្ឋាគារ (Business & Hotel Management) ជំនាញ Specialist Hospitality Management ដែលស្ថិតនៅទីក្រុង Luzern ប្រទេសស្វីស ជាប្រទេសដែលមានថ្លៃសិក្សាថ្លៃជាងគេ និងមានសន្តិភាពជាងគេនៅលើពិភពលោក។
មិនត្រឹមតែពូកែឈ្លាសវៃក្នុងវិស័យសិក្សាប៉ុណ្ណោះទេ ម៉ូនីតា ក៏ជាជើងឯករត់ម៉ារ៉ាតុង (Marathon) ដែលប្រកួតប្រជែងជាមួយសាលាល្បីៗ ដូចជា ISPP, Logos, Northbridge, CIA ដោយទទួលបានជ័យលាភីលេខ១, ផ្នែកកីឡាការ៉ាតេ ម៉ូនីតាទទួលបានចំណាត់ថ្នាក់លេខ៣ និងទទួលបានមេដាយពីការប្រកួតកីឡាជាច្រើនទៀត ជាពិសេសបាញ់កាំភ្លើង ជិះសេះ ហែលទឹក ជ្រមុជទឹក វាយកូនបាល់លើតុ និងការប្រណាំងទូកជាដើមផងដែរ៕