ក្រៅពីប្រេងឥន្ធន: ឥណ្ឌា កំពុងសម្រុកទិញចូលធ្យូងថ្មតម្លៃថោកពីប្រទេសរុស្ស៊ី

អន្តរជាតិ

ចំនួននៃការទិញចូលធ្យូងថ្មរបស់ប្រទេសឥណ្ឌា ពីរុស្ស៊ី បានកើនឡើងខ្លាំង នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាមានការដាក់ទណ្ឌកម្មជាសកលទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្កូក៏ដោយ ដោយសារតែអ្នកជួញដូរនៅក្នុងប្រទេសនេះ បានលក់បញ្ចុះតម្លៃរហូតដល់ទៅ ៣០% ។ នេះបើយោងតាមទិន្នន័យ ដែលទទួលបានដោយសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ ការទិញចូលប្រេងពីប្រទេសរុស្ស៊ី ក៏កំពុងតែមានការកើនឡើងយ៉ាងខ្លាំងផងដែរ ដោយសារតែក្រុមហ៊ុនរបស់រុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូនឥណ្ឌា នូវលក្ខខណ្ឌទូទាត់ពិសេស ដែលអាចបត់បែនបាន ។

គួរឱ្យដឹងថា រុស្ស៊ី ដែលបានប្រឈមមុខ នឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសលោកខាងលិច ជុំវិញការឈ្លានពានទៅលើអ៊ុយក្រែន កាលពីខែមេសា បានចេញមុខបញ្ជាក់ថា ប្រទេសទាំងនោះ នឹងទទួលបានផលតបស្នងទៅវិញ ខណ:ពេលដែលរុស្ស៊ី នៅតែបន្តកើបលុយ ពីការលក់ប្រេងឥន្ធន: និងធ្យូងថ្មរបស់ខ្លួន ទៅកាន់ទីផ្សារផ្សេងទៀត ជាពិសេសឥណ្ឌា ។

ឥណ្ឌា បានបដិសេធមិនព្រមធ្វើការថ្កោលទោសអ្វី ទៅលើរុស្ស៊ីនោះឡើយ នៅពេលដែលប្រទេសទាំង ២ មានទំនាក់ទំនងផ្នែកនយោបាយ និងសន្តិសុខ អស់រយ:ពេលជាយូរមកហើយ ។ ខណ:ពេលជាមួយគ្នានោះ រដ្ឋាភិបាលរបស់ទីក្រុងញូវដែលី ក៏បានចេញមុខការពារ ចំពោះការទិញចូលទំនិញពីរុស្ស៊ីផងដែរ ដោយបានអះអាងថា វានឹងអាចធ្វើឱ្យតម្លៃទំនិញពិភពលោកឡើងថ្លៃខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសខ្លួន ប្រសិនបើបញ្ឈប់ការផ្គត់ផ្គង់ពីរុស្ស៊ីនោះ ។

បញ្ជាក់ថា ការទិញចូលធ្យូងថ្ម និងផលិតផលពាក់ព័ន្ធរបស់ឥណ្ឌា ពីរុស្ស៊ី បានកើនឡើងច្រើនជាង ៦ ដង ក្នុងរយ:ពេល ២០ ថ្ងៃចុងក្រោយ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដែលធ្វើឱ្យកើនឡើងដល់ ៣៣១,១៧ លានដុល្លារ ។

ដូចគ្នានេះដែរ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា បានសម្រុកទិញយកប្រេងរបស់រុស្ស៊ី នៅក្នុងតម្លៃថោក នៅពេលដែលប្រទេសនៅលោកខាងលិច ព្យាយាមដកខ្លួនចេញ ។ ហើយបើតាមទិន្នន័យ បានបង្ហាញថា តម្លៃការការជួញដូរប្រេងរបស់ឥណ្ឌា ជាមួយរុស្ស៊ី ក្នុងរយ:ពេល ២០ ថ្ងៃ បានកើនឡើងច្រើនជាង ៣១ ដង ដល់ចំនួន ២,២២ ពាន់លានដុល្លារ ៕