ឧកញ៉ា ប៉ិច បូឡែន ស្ថាបនិកសាលាវេសឡាញ យល់ថាយើងគ្រប់គ្នាត្រូវប្រកាន់ទំលាប់គួរសម តាមរយៈការញញឹម និងកាយវិការស្វាគមន៍គ្រប់មនុស្សទាំងអស់ ដោយមិនបែងចែកវណ្ណៈ ឋានៈតួនាទី ពណ៌សម្បុរអ្វីទាំងអស់ ព្រោះទង្វើរនេះត្រូវគ្នានឹងច្បាប់កម្មផល និងសំណាងក្នុងជីវិតរបស់យើងគ្រប់គ្នា។
លោកឧកញ៉ា បានរៀបរាប់តាមរយៈទំព័រហ្វេសប៊ុក នារសៀលថ្ងៃចន្ទនេះថា៖ “អ្នកណាគេខ្លះដែលតែងតែញញឹម និងបង្ហាញការគោរព រាប់អានជាមួយមនុស្សដែលយើងមិនដែលស្គាល់ ពោលគឺមនុស្សដែលយើងបានជួបលើកទី១ ឬមនុស្សដែលយើងជួបបាន២ឬ៣ លើកតែមិនដែលនិយាយគ្នា មិនដែលមានទំនាក់ទំនងការងារ ឬរកស៊ីអីនោះទេ? ខ្ញុំគិតថាអ្នកខ្លះក៏ធ្លាប់និងកំពុងធ្វើរួចហើយ នូវការរាប់អានតាមរយៈការញញឹមដាក់ សាកសួរគ្នាមួយម៉ាត់ ពីរម៉ាត់ ឬការបន្ទន់ឥរិយាបទបង្ហាញការគោរពជាដើម ទោះបីយើងជួបគេជាលើកទី២ក្តី។ ប៉ុន្តែប្រហែលជាបងប្អូនយើងមួយចំនួន អាចចម្លែកចិត្ត និងគិតថាយើងម៉្តេចទៅញញឹម ឬសាកសួរអីគេកើត ជាមួយមនុស្សដែលយើងមិនដែលស្គាល់ផងហ្នឹង។”
“គេថាផែនដីវិល ឬផែនដីនេះតូចណាស់។ យើងដើរទៅណា ក៏គង់នឹងជួបគ្នា ឬនឹងមានគេដំណាលនិទានពីយើង ឬថ្ងៃណាមួយ យើងនឹងត្រូវបានគេណែនាំឱ្យស្គាល់មនុស្សថ្មីជាមិត្តភក្រ្តគេ ជា បងប្អូនគេ ហើយអ្នកនោះអាចជាអ្នកដែលយើងធ្លាប់បានជួបក្នុង ជណ្តើរយន្ត ក្នុងយន្តហោះ នៅចំណតឡាន ឬក្នុងកម្មវិធីប្រជុំតូចធំ ណាមួយ។ យើងមិនគួរញញឹមរាប់អាន សាកសួរ ឬគួរសមជាមួយតែមនុស្សដែលយើងស្គាល់នោះទេ។ យើងត្រូវប្រកាន់ទំលាប់គួរសម តាមរយៈការញញឹម និងកាយវិការស្វាគមន៍គ្រប់មនុស្សទាំងអស់ ដោយមិនបែងចែកវណ្ណៈ ឋានៈតួនាទី ពណ៌សម្បុរអ្វីទាំងអស់។ ខ្ញុំគិត ថាទង្វើរនេះត្រូវគ្នានឹងច្បាប់កម្មផល និងសំណាងក្នុងជីវិត របស់ យើងគ្រប់គ្នា។ យើងជួបមនុស្សថ្មីម្នាក់ថ្ងៃនេះ យើងបានគួរសម ញញឹមដាក់គេ ឬជួយយកអាសារគេរឿងអ្វីមួយ ហើយយើង តែងតែ ធ្វើទង្វើរបែបនេះជាទំលាប់។ ម៉្យាងទៀតមនុស្សម្នាក់ៗ ទាំងយើង ទាំងគេរមែងមានបញ្ហាស្មុគស្មាញច្រើនគួរសមហើយ ដូចនេះ យើងគួរចែករំលែកស្នាមញញឹមនិងចិត្តអំណរសាទរជាមួយគ្នា វិញ។ ជួយគ្នាសម្រាលក្តីទុក្ខ បង្កើតក្តីសុខសុភមង្គលឱ្យគ្នា។ ពេលខ្លះ គ្រាន់តែស្នាមញញឹមមិនអស់ថ្លៃរបស់យើងអាចធ្វើឱ្យបុគ្គលម្នាក់មានក្តីសង្ឃឹមនិងភាពជឿជាក់ទៅមុខទៀតក្នុងជីវិតរបស់គេក៏ថាបាន។”
“យើងអាចមិនចាំថាយើងបានជួបអ្នកណាខ្លះ បានធ្វើអ្វីខ្លះ នោះទេ តែបុគ្គលដែលយើងបានជួបទាំងនោះអាចនៅចាំមុខយើង ចងចាំនិងកោតសសើរទង្វើរដ៏ល្អរបស់យើង។ ថ្ងៃណាមួយយើងនឹង អាចជួបពួកគេជាថ្មីម្តងទៀតក្នុងឱកាសមុខជំនួញ ឬកន្លែងសម្ភាស ការងារ ឬក៏អាចក្នុងកម្មវិធីជួបជុំគ្រួសារ មិត្តភក្រ្តក៏ថាបាន។ អ្នកស្រមៃមើលថា ពេលនោះពួកគេឃើញយើងជាលើកទី២ ហើយ គេនៅចាំយើងច្បាស់ ជាពិសេសទង្វើរសមគួរ ឬមិនសមគួរ ស្នាមញញឹមរបស់យើង ឬការបែរមុខចេញនិងកាយវិការ ច្រង៉េងច្រង៉ាងរបស់យើងនៅពេលគេជួបយើងលើកទី១នោះ តើក្នុង ជំនួបលើកទី២នេះ គេនឹងគិតយ៉ាងម៉េច អាចមានអារម្មណ៍ បែបណា? ហើយគេអាចនឹងដំណាលពីយើងយ៉ាងដូចម្តេច ទៅកាន់ មិត្តភក្រ្ត ឬបងប្អូនគេ។ យើងគិតថាគេគ្រាន់តែមនុស្សចម្លែកម្នាក់ ជាមនុស្សមិនដែលស្គាល់ យើងក៏មិនយកចិត្តទុកដាក់ ប៉ុន្តែគេអាច នឹងចំណាំយើងច្បាស់ពីពេលនោះមក។ សំណាង ឬមិនសំណាង កើតឡើងពេលនេះហើយមែនទេ?”
“ខ្ញុំជួបហេតុការណ៍បែបនេះញឹកណាស់ក្នុងមុខរបរអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំសូមលើកដំណើររឿងខ្ញុំជាមួយភាគហ៊ុននិកខ្ញុំម្នាក់ចុះ គឺឧកញ៉ា គួច ផេង។ អាចថាខ្ញុំភ្លេច ឬធ្លាប់ជួបគ្នាពីមុន តែខ្ញុំចាំ មិនបាន។ ខ្ញុំបានជួបឧកញ៉ា គួច ផេង ជាលើកទី១នៅក្នុង បេសសកកម្មសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានៅហុងកុង។ ខ្ញុំមិនបានដឹងថាគាត់បានស្គាល់ខ្ញុំក្នុងកម្រិតណា បានសិក្សាពីខ្ញុំ និងក្រុមហ៊ុនខ្ញុំប៉ុនណាទេ។ ក្នុងជំនួបដំបូងនៅហុងកុងនោះ គាត់ដឹង ថាខ្ញុំត្រូវការអ្នកវិនិយោគថ្មីជំនួសភាគហ៊ុននិកចាស់ដែលចង់លក់ហ៊ុនចេញ។ គាត់បានសួរនាំខ្ញុំពីក្រុមហ៊ុន ពីសាលារៀន និងសូមមើល ព័ត៌មានមួយចំនួន។ នៅពេលយើងត្រលប់មកដល់ប្រទេសកម្ពុជាវិញ គាត់ក៏សម្រេចចិត្ត វិនិយោគជាមួយខ្ញុំ។ ឧកញ៉ា គួច ផេង ជាពាណិជ្ជករវ័យក្មេង និង វ័យឆ្លាតម្នាក់។ គាត់តែងប្រយ័ត្នប្រយ៉ែងណាស់ក្នុងការបោះទុន វិនិយោគ។ ខ្ញុំគិតថាគាត់ប្រកដជាបានសិក្សាពីខ្ញុំ ឬតាមដានខ្ញុំ ក្នុង រយៈពេលណាមួយហើយ គ្រាន់តែខ្ញុំមិនដឹង ហើយខ្ញុំក៏មិនបាន សួរគាត់ចំណុចនេះមកដល់ពេលនេះ…។”
ឧកញ៉ា ប៉ិច បូឡែន បានលើកឡើងជាចុងក្រោយថា ព្រះពុទ្ធជាម្ចាស់បរមគ្រូនៃយើងបានសម្តែងថាធ្វើល្អបានល្អ ហើយទ្រង់បានអប់រំយើងតាមរយៈច្បាប់កម្មផល។ លោកជឿទ្រឹស្តីនេះ ណាស់។ សំណាងពិតជាកើតមានមែន តែមិនមែនដោយសារយើងបួងសួងសុំនោះទេ។ វាកើតឡើងតាមរយៈសកម្មភាពល្អរបស់យើង។ ដូចនេះយើងទាំងអស់គ្នាគួរដាក់ចិត្ត និងធ្វើអំពើល្អឲ្យបានច្រើន ផ្តល់ស្នាមញញឹម រួសរាយរាក់ទាក់ ជួយយកអាសារអ្នកដទៃតាម លទ្ធភាពដែលយើងអាចធ្វើបាន សន្សំកុសលផលបុណ្យនេះទៅ ដែលវានឹងនាំមកឱ្យយើងនូវសំណាង និងសេរីសួស្តីក្នុងជីវិតយ៉ាងពិតប្រាកដ៕