ឧកញ៉ា ញូស៍ដែលជាបណ្ដាញព័ត៌មានដែលផ្ដោតលើមុខជំនួយរបស់ឧកញ៉ា មហាសេដ្ឋី និងអាជីវកម្មផ្សេងៗ នឹងបើកយុទ្ធនាការគាំទ្រផលិតផលខ្មែរ តាមរយៈការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយរបស់ខ្លួនចូលរួជំរុញសាងស្លាកយីហោផលិតផលក្នុងស្រុកឲ្យកាន់ផុលផុស បញ្រៀបផ្នត់គំនិតគាំទ្រពីប្រជាពលរដ្ឋ។
ដោយសារមើលឃើញការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយគឺមិនអាចខ្វះបានក្នុងបរិបទឌីជីថល ឧកញ៉ាញូស៍ដាក់គោលដៅជាយុទ្ធសាស្ត្របញ្ជ្រាបលើការគាំទ្រផលិតផលក្នុងស្រុក ដោយចាប់ផ្តើមឲ្យពលរដ្ឋស្គាល់បន្តិចម្តងៗ កាត់បន្ថយផ្នត់គំនិតគាំទ្រផលិតផលបរទេស ដែលនាំឲ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ។
យុទ្ធនាការគាំទ្រនិងទិញផលិតផលខ្មែរនេះ នឹងរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើននៅតាមមូលដ្ឋាន ដោយនឹងបង្ហាញពីបទពិសោធន៍ល្អៗពីសិប្បកម្មនិងសហគ្រាសក្នុងស្រុកដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញផលិតនូវទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ដែលនឹងអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបានកំពុងធ្វើចរាចរក្នុងទីផ្សារកម្ពុជា។
បច្ចុប្បន្ននេះគេមើលឃើញថា ការនាំចូលផលិតផលពីបរទេសជាពិសេសប្រទេសជិតខាងហូហៀរពេញទីផ្សារ ហើយមានការផ្សព្វផ្សាយយ៉ាងខ្លាំងទៀតនោះ បានបង្អាក់ផលិតកម្មក្នុងស្រុកក្នុងការដណ្ដើមទីផ្សារ ខណៈផ្នត់គំនិតពលរដ្ឋមួយចំនួនមើលឃើញផលិតផលបរទេសមានស្តង់ដារជាង និងតម្លៃធូរជាង។
យ៉ាងណាមិញ ការចូលរួមគាំទ្រពីបណ្តាញផ្សព្វផ្សាយ ត្រូវតែចាប់ផ្តើមធ្វើពីពេលនេះទៅ ហើយឧកញ៉ាញូសន៍នឹងចាប់ផ្តើមប្រើប្រាស់បណ្តាញព័ត៌មានរបស់ខ្លួន ដើម្បីជាការរួមចំណែកលើកស្ទួយដល់សហគ្រាសក្នុងស្រុក និងបង្វែរអារម្មណ៍ពលរដ្ឋឲ្យងាកមកគាំទ្រទិញផលិតជាតិ ដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋ៕