ភោជនីយដ្ឋានមួយនៅខណ្ឌទួលគោក គិត​សុខភាព​យក​បន្លែ​ស្រស់​ៗ​គ្មាន​ជាតិ​គីមី​ បម្រើ​​ជា​ម្ហូបអាហារ​ទទួល​អតិថិជន

អាជីវកម្ម

ភោជនីយដ្ឋានអូក្រា ( Okra Restaurant) ជាភោជនីយដ្ឋានលក់ម្ហូបអាហារបែបធម្មជាតិគិតដល់សុខភាពអតិថិជន ទាំងប្រភេទអាហារបែបអាស៊ី និងអាហារបែបអ៊ឺរ៉ុប ដោយសារបន្លែដែលភោជនីយដ្ឋានអូក្រាយកមកចំអិន សុទ្ធសឹងជាបន្លែសរីរាង្គជំនួយដល់សុភាពទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​គ្រប់គ្រង​ភោជនីយដ្ឋានអូក្រា លោក តាំង សុខហេង បានឲ្យឧកញ៉ា​ញូស៍​ដឹង​ថា ចក្ខុវិស័យ​របស់​ភោជនីយដ្ឋាន​អូក្រា គឺ​ចង់​ឲ្យប្រជាជនខ្មែរមានសុខភាពល្អ ដោយពិសារអាហារប្រភេទបន្លែសរីរាង្គជំនួយដល់សុខភាព។

អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​ថា បន្លែ​ដាំដុះ​គ្មាន​ជាតិគីមី ត្រូវបាន​យកមក​បម្រើ​ដល់​អតិថិជន​​ ខណៈហាង​ក៍មាន​សហគមន៍ដាំបន្លែធម្មជាតិផ្ទាល់ខ្លួន ដើម្បី​ផ្គត់ផ្គង់​បន្លែស្រស់ៗប្រចាំថ្ងៃ​។

អូក្រា មានអាហារជាច្រើនប្រភេទទាំងពេលព្រឹក ថ្ងៃត្រង់ និងអាហារពេលល្ងាច។ អាហារប្រចាំហាងដែលភ្ញៀវចូលចិត្តបរិភោគជាប្រចាំមានដូចជា នំបញ្ចុកខ្មែរ បាញ់ឆែវ និងបាញ់ហយជាដើម។ ភោជនីយដ្ឋានអូក្រា បាន​បើក​អាជីវកម្ម​អស់រយៈពេល ៤ ឆ្នាំមកហើយ មានទីតាំងស្ថិតនៅ លើផ្លូវ ៥៩២ កែងផ្លូវ ៣៣៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។

អ្នក​គ្រប់គ្រង​ភោជនីយដ្ឋានអូក្រា​បាន​ប្រាប់​ឧកញ៉ាញូស៍​បន្តថា បើ​ថ្ងៃ​ក្រោយ​អតិថិជនគាំទ្រកាន់តែខ្លាំង ក៏នឹង​ពង្រីកសាខាឲ្យកាន់តែច្រើន ដើម្បីឲ្យប្រជាជនកម្ពុជាទាំងអស់គ្នាទទួលបានទាំងអាហារដែលមានគុណភាព ទទួលបានទាំងសុខភាពល្អ និងអាចជួយបង្កើនប្រាក់ចំណូលទៅដល់កសិករឲ្យមានជីវភាពកាន់តែប្រសើរ៕

អត្ថបទ៖ រ៉ាញែន