នៅខេត្ត​បាត់ដំបង​នេះ​ឯង! ច្នៃប្រឌិតកែពីផ្ទះបុរាណចាស់ ប្រែក្លាយជាហាងកាហ្វេមួយដ៏ទាក់ទាញ

អាជីវកម្ម

ហាងកាហ្វេ Maison MC Café គឺជាហាងកាហ្វេមួយដែលទើបតែលេច​ចេញជារូបរាងថ្មី ក្រោមស្នាដៃកែច្នៃពីផ្ទះបុរាណមានសភាពចាស់មកក្លាយជាស្លាកយីហោកាហ្វេមួយដ៏ទាក់ទាញលើទឹកដី ភូមិអូរតាគាំ៣ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្លាកយីហោ Maison MC Café

បច្ចុប្បន្ន Maison MC Café កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសអតិថិជនក្នុងខេត្តបាត់ដំបងផ្ទាល់តែម្តង ដែលហាងកាហ្វេមួយនេះបើកដំណើរការ​នៅអំឡុង​ខែមិថុនា ឆ្នាំ២០២២។

ផ្តល់​បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ កញ្ញា អិន ដារ៉ាណែត ជាម្ចាស់ហាងកាហ្វេ Maison MC Café បានលើកឡើងថាការសម្រេចចិត្តបើកហាងកាហ្វេមួយនេះ ដោយសារកញ្ញាយល់ឃើញថារយៈពេលនៃការរាតត្បាតជំងឺកូវីដ ១៩ មិនដឹងថាគួររកអ្វីក៏ងាកមកមើលផ្ទះបុរាណ​ ដែល​មានមនោសញ្ចេតតាំងពីក្មេងបន្សល់ពីលោកតា ហើយក៏ជាផ្ទះចាស់មួយដែលធ្លាប់រស់នៅកម្សត់​កម្រ​ យកមកកែច្នៃឡើងវិញរក្សា​ទ្រង់ទ្រាយដើម​បើក​ជា​ហាង​កាហ្វេ ដោយមានការដុះខាត់ រុះធ្វើជាអាជីវកម្មមួយនេះឡើង។ ការបើកហាងនេះ កញ្ញាគិតថាបើកលក្ខណៈតូចទេ ប៉ុន្តែមិននឹកស្មានថាមានអ្នកគាំទ្រច្រើនមកដល់ឥឡូវ។

កញ្ញាបានបន្តថា កត្តាដែលធ្វើឲ្យ​ Maison MC Café ទទួលបានជោគជ័យជារឿងចម្បងគឺការស្រលាញ់និងក្តីស្រម៉ៃផ្ទាល់ខ្លួន ដោយផ្អែកលើកត្តាសំខាន់ៗពីរ។ ទី១ អ្វីដែលយើងមានស្រាប់គឺផ្ទះឈើដែលសង់ផុតពីដីរបៀបលក្ខណៈបុរាណ។ ទី២ ព្យាយាមធ្វើការកែច្នៃរបស់ចាស់ៗ ដូចជា ទ្វារ បង្អួច កែច្នៃ(ដេគ័រ)តួយ៉ាងតុកាហ្វេកើតចេញពីចង្រឹងទ្វាជាដើមជារួមគឺកញ្ញាផ្តោតលើការគិត និងកែច្នៃដែលជារបស់មានស្រាប់ពោលបង្កើតរបស់ចាស់ច្នៃទៅជាអ្វីដែលយើងអាចប្រើបាន។

ចំពោះការចំណាយដើមទុន ក្នុងការបង្កើតអាជីវកម្មមួយនេះឡើង ដារ៉ាណែតបានបង្ហើបថា ចំណាយដើម​ទុន​ប្រហែល​ជា ៣ ទៅ ៤ ម៉ឺនដុល្លារ ដែលជាការធ្វើបន្តិចម្តងៗ ទៅតាមលទ្ធភាព។ ដារ៉ាណែតគិតថា ដើមទុនប៉ុណ្ណឹង ជារឿងធម្មតាសម្រាប់គេ ប៉ុន្តែជារឿងមិនធម្មតាសម្រាប់កញ្ញាឡើយ។

បើនិយាយរឿងសេវាកម្ម ម្ចាស់ហាងកាហ្វេវ័យក្មេងរូបនេះបានឲ្យ​ដឹងថា Maison MC Café ផ្តោតសំខាន់ទៅលើគ្រឿងទឹក ឬកាហ្វេ រួមមាន៖ ប្រភេទ អាយឡាតេ ហតកាហ្វេ ។ល។ដោយមានការតម្រូវទៅលើរសជាតិសម្រាប់ភ្ញៀវជាពិសេស ហើយអ្វីដែលអតិថិជនពេញចិត្តជាប្រចាំគឺ កាហ្វេក្តៅ អាយឡាតេ តែបៃតង ស្តបប៊ើរី ជាដើម ហើយអ្វីដែលសំខាន់ ធ្វើយ៉ាងណាឲ្យភ្ញៀវពេញចិត្ត។

ទិដ្ឋភាពក្នុងហាងកាហ្វេ Maison MC Café

ទាក់ទងបញ្ហាប្រឈមចំពោះការបើកហាងកាហ្វេមួយនេះ កញ្ញាដារ៉ាណែតបានលើកឡើងថា មានបញ្ហាសំខាន់ៗពីរ។ ទី១: មានការពិបាកបន្តិចដោយសារជាការចាប់ផ្តើមថ្មី មិនមានអ្នកស្គាល់ច្រើន។ ទី២: បញ្ហាទីតាំងហាង គឺមិនទាន់មានកន្លែងចតរថយន្តគ្រប់គ្រាន់នៅឡើយ ដោយសព្វថ្ងៃខ្ចីកន្លែងអ្នកជិតខាងធ្វើជាចំណតរថយន្តបណ្តោះអាសន្ន។

ម្ចាស់ហាង​វ័យក្មេង​រូប​នេះ​ញាក៏បានបញ្ជាក់ថា ការបើកលក់នេះមិនមែនរូបភាពសហការវិនិយោគឬការចូលហ៊ុនជាមួយមិត្តភក្តិនោះទេគឺជាការបើកជាលក្ខណៈគ្រួសារចូលទុនជាមួយបងប្អូនគ្រួសារជាមួយគ្នា ដើម្បីលេចចេញជារូបរាងឡើងដូចនេះ។

ជាចុងក្រោយ ដារ៉ាណែត បានសម្តែងការអរគុណដល់អតិថិជន Maison MC Café ដែលតែងតែគាំទ្រ ហើយកញ្ញាក៏សម្តែងការរំភើបចំពោះភ្ញៀវ ជាពិសេសក្មេងៗ ដែលចូលចិត្តនិងស្រលាញ់ របស់ចាស់ៗដែលជាការកែច្នៃ ក្នុងហាង Maison MC Café ៕

Maison MC Café ពោពេញទៅដោយធម្មជាតិ
សេវាកម្ម និង អនាម័យល្អ