ថៅកែ​ដី​ឡូ​តិ៍ ដង្ខៅ ប្រកាស​ចែក​ម៉ាស់​ជាង​១​ម៉ឺន ​ដល់​ប្រជាពលរដ្ឋ​នៅ​កំពង់ស្ពឺ

សង្គម​ និង​សេដ្ឋកិច្ច


ភ្នំពេញ ​៖ ​លោក គល់ តុលា ថៅកែ​ដី​ឡូ​តិ៍ ដង្ខៅ ដែល​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​គម្រោង​ជាច្រើន​ហិកតា​ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​ ស្របពេល​ដែល​ប្រជាពលរដ្ឋ​កំពុងមាន​ក្តី​ព្រួយបារម្ភ​ទាក់ទង​ជំងឺឆ្លង​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នោះ,​ លោក​បាន​ប្រកាស​ចែក​ម៉ាស់​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​ម៉ាស់​ ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ដី​ឡូ​តិ៍​ខ្លួន​ស្ថិតនៅ​ភូមិ​ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី កំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គល់ តុលា ថៅកែ​ដី​ឡូ​តិ៍​ បាន​បញ្ជាក់​ថា ​សកម្មភាព​នេះ​លោក​នឹង​ចាប់ផ្តើម​ធ្វើឡើង​(​ចែក​)​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​ស្អែក​នេះ​ ដើម្បី​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ក្នុង​បញ្ចៀស​បញ្ហា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ។ លោ​កថា​ នេះ​គឺជា​សកម្មភាព​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​ ខណៈពេលដែល​ក្រសួងសុខាភិបាល​និង​រដ្ឋាភិបាល​ ក៏​កំពុង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​លើ​ករណីនេះ​ផង​នោះ។

ថៅកែ​ដី​ឡូ​តិ៍​វ័យក្មេង​រូបនេះ​ បាន​បន្ថែមថា​ លោក​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណីនេះ​។ ​ម្យ៉ាងទៀត​ស្នើ​ឲ្យ​អ្នក​ម៉ាស់​ទាំង​អស់​កុំ​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​គ្រា​ដែល​ប្រទេសជិតខាង​គេ​កំពុង​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​គេ​តាមរយៈ​ការចែក​ម៉ាស់​និង​ទម្លាក់​តម្លៃ​ដើម្បី​ជួយ​សម្រួល​សុខភាព​ប្រជាជន​គេ។

សូមជម្រាបថា​ ប្រទេស​ចិន​ពេលនេះ​បានចាប់ផ្តើម​ពង្រីក​ការ​រឹតត្បិត​ការធ្វើដំណើរ​យ៉ាងខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៧ ខែមករា​ឆ្នាំ​២០២០​នេះ ហើយ​បាន​ពន្យារ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស​។ ​ប្រភព​បន្ត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ នេះ ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ បាន​កើន​ឡើងដល់​៨០​នាក់ ចំណែក​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់ ២ ៧៤៤​នាក់​ហើយ​។​ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន The Japan Times៕