នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បានទម្លាយឲ្យដឹងថា រោងចក្រតំឡើងរថយន្តនៅអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ឆ្នាំនេះមានការខាតបង់រាប់ពាន់លានដុល្លារ។
បើយោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថា មូលហេតុដែលរោងចក្រធំៗនៅ Berlin, Austin និងតិចសាស់ មានការខាតបង់ធ្ងន់ធ្ងរបែបនេះ គឺដោយសារសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិនមានការរាំងស្ទះ ដ្បិតមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីកំពុងពង្រឹងវិធានការទប់ស្កាត់កូវីដ ១៩។
“រោងចក្រនៅ Berlin និង Austin គឺកំពុងប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរោងចក្រទាំងនេះក៏កំពុងបាត់បង់លុយជាច្រើនពាន់លានដុល្លារផងដែរ។ ពួកយើងបានចំណាយលុយច្រើនលើសម្ភារៈសម្រាប់តំឡើង ប៉ុន្តែលទ្ធផលដែលបានមកគឺតិចតួចណាស់”។ នេះបើតាមសម្ដីរបស់មេធំ Tesla បានប្រាប់នៅក្នុងបទសម្ភាសន៍មួយ។
មហាសេដ្ឋីអាមេរិកក៏បានទម្លាយទៀតថា ចាប់តាំងពីបើកសម្ពោធរោងចក្រថ្មីៗទាំងនេះកាលពីដើមឆ្នាំមក លទ្ធភាពផលិតរថយន្តគឺមានសភាពលំបាកលំបិន ក៏ព្រោះតែគ្រឿងគ្រៅរថយន្តសំខាន់ៗដូចជា អាគុយជាដើមបានជាប់គាំងនៅកំពង់ផែចិន ដែលគ្មានអ្នកណាអាចចេញមុខដោះស្រាយបាន ជាហេតុធ្វើឲ្យការផលិតមានភាពយឺតយ៉ាវ។
សូមជម្រាបដែរថា ក្រៅពីរោងចក្រនៅអាល្លឺម៉ង់ និងនៅអាមេរិក Tesla ក៏កំពុងឈឺក្បាលវិលមុខជាមួយនឹងបញ្ហាដែលកំពុងកើតមាននៅរោងចក្រធំនៅសៀងហៃផងដែរ ដោយសាររដ្ឋាភិបាលចិនបានចាត់វិធានការទប់ស្កាត់កូវីដ ១៩ ដែលតម្រូវឲ្យរោងចក្រ Tesla នៅទីនោះផ្អាកដំណើរការមួយរយៈ និងធ្វើឲ្យសង្វាក់ផលិតកម្មមានការកកស្ទះ ខាតអស់ប្រាក់រាប់សិបពាន់លានដុល្លារឯណោះ៕