សាច់ប្រឡាក់ជាច្រើនត្រូវបានបងប្អូនអ្នកស្រុកស្ទោងហាលលក់តាមផ្លូវជាតិលេខ ៦ ដែលមានតូបដេរដាសតាមដងផ្លូវ ហើយក៏មានអ្នកដំណើរឈប់ព្រាតទិញយកទៅផ្ញើបងប្អូន ឬទុកពិសារខ្លួនឯង។
ត្រីងៀត ក្របីងៀត គោងៀត ត្រីឆ្អើរ និង គ្រឿងផ្អាប់ជាច្រើនទៀត គឺអាហារប្រចាំតំបន់ដែលមានការពេញនិយមពីអ្នកដំណើរទៅមកពេលទៅលេងខេត្តសៀមរាប តែងតែឈប់ទិញមិនដែលខាន។
ដោយឡែកមុខរបរលក់ត្រីងៀត ក្របីងៀត គោងៀត ត្រីឆ្អើរ និង គ្រឿងផ្អាប់ជាច្រើនទៀត ក៏ជាប្រភពចំណូលសម្រាប់ជួយទ្រទ្រង់ជីវភាពពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ ឧកញ៉ាញូស៍ អ្នកស្រី លាប ផល្លា បានឲ្យដឹងថា អ្នកស្រីប្រកបមុខរបរនេះជាង១ ឆ្នាំមកហើយ ដែលមានលក់ដូចជា ត្រីងៀត ក្របីងៀត គោងៀត ក្រពើងៀត ត្រីឆ្អើរសាច់ក្រក និងគ្រឿងផ្អាប់ផ្សេងទៀតរួមមាន ផ្អក ប្រហុកជាដើម ដោយទិញត្រី សាច់ពីគេយកមកប្រឡាក់ខ្លួនឯង។
បន្តទាំងទឹកមុខញញឹម ស្រ្តីរូបនេះប្រាប់ឧកញ៉ាញូស៍មិនលាក់លៀមថា ក្នុងមួយថ្ងៃអាចរកចំណូលបានជាមធ្យមពី
៥០ ម៉ឺន ទៅ៦០ម៉ឺនរៀល។ តម្លៃមានដូចជា ប្រភេទត្រី ឬប្រភេទសាច់ ពោលគឺ ត្រីងៀត មួយគីឡូ ៣០០០០ រៀល(តម្លៃទូទៅ) ក្របីងៀត តម្លៃ ៧៥០០០រៀល ក្នុងមួយគីឡូក្រាម។
ស្រ្តីជាអ្នកលក់រូបនេះបានបន្ថែមថា ដាច់ខ្លាំងនៅពេលមានពិធីបុណ្យជាតិផ្សេងៗដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំចិនដែលអាចរកបាន ២ ទៅ ៣ លានក្នុងមួយថ្ងៃ។ ហើយភ្ញៀវចូលចិត្តទិញ និង លក់ដាច់ជាងគេគឺ ត្រីងៀត ក្របីងៀត និង គោងៀត។
ស្រ្តីវ័យ ៣៧ឆ្នាំ រូបនេះ បានយល់ឃើញថា ការលក់នេះ ជាការជួយទ្រទ្រង់ជីវភាពមួយផ្នែក ប៉ុន្តែក៏មានបញ្ហាប្រឈមខ្លះដែរ តួយ៉ាងថ្ងៃណាដាច់ក៏ដាច់ ថ្ងៃណាមិនដាច់ រកអ្វីចំណូលមិនបានសោះ។ ទោះបីជាមានបញ្ហាប្រឈមខ្លះ ឬរកបានបន្តិចបន្តួចក្តី អ្នកស្រី មិនផ្លាស់ប្តូរមុខរបរមួយនេះទេ។
ចំណែកឯ អ្នកស្រី គី ឡៃហេន បានឲ្យដឹងថា អ្នកស្រីប្រកបមុខរបរលក់ ត្រីងៀតនេះ ជាង២ឆ្នាំមកហើយដោយបានចំណូលមួយថ្ងៃ ក៏មិនខុសពីអ្នកស្រី លាប ផល្លា ដែរ ពោលគឺ ៥០ទៅ៦០ ម៉ឺនក្នុងមួយថ្ងៃ។ ចំណូលរកបានអាចយកទៅផ្គត់ផ្គង់កូនរៀន ហូបចុក ក្នុងជីវភាពរាល់ថ្ងៃមួយកម្រិត។
អ្នកស្រី លាប ផល្លា និង អ្នកស្រី គី ឡៃហេន ក៏បានអំពាវនាវ ក៏ដូចជាចង់សំណូមពរចំពោះភ្ញៀវដែលចូលទិញរបស់តាមចិញ្ចើមផ្លូវ ដូចជាអ្នកស្រីជាដើម កុំសូវឲ្យតម្លៃទាបពេក ព្រោះពេលខ្លះតម្លៃដែលភ្ញៀវឲ្យមិនស្មើតម្លៃដើមផង៕