ឧកញ៉ា សំ សុខនឿន និយាយអ្វីខ្លះពីហាងឆេងដីធ្លីក្នុងខណ្ឌសែនសុខសព្វថ្ងៃ?

ជុំវិញ​ឧកញ៉ា

ក្នុងបទសម្ភាសន៍ពិសេសមួយ ជាមួយ Oknha News កាលពីពេលថ្មីៗនេះ អគ្គនាយកក្រុមហ៊ុន Kw Sam SN Realty Co., Ltd លោកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ពីបច្ចុប្បន្នភាពនៃតម្លៃដីធ្លីក្នុងខណ្ឌសែនសុខ ដែលជាខ័ណ្ឌមួយ ត្រូវបានអ្នកវិភាគអចលនទ្រព្យមួយចំនួនប្រសិទ្ធនាមថា ប្រៀបបាននឹងកូនក្រមុំអាយុ ១៨ឆ្នាំ កំពុងត្រូវប៉ាន់ជាខ្លាំងក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​​​​​លោកឧកញ៉ា អតីតកូនកសិករស្រុកក្រូចឆ្មារ បានលើកឡើងពីវឌ្ឍនភាពអចលនទ្រព្យក្នុងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ យ៉ាងដូច្នេះថា៖ “បើនិយាយពីទីតាំងភូមិសាស្ត្រខណ្ឌសក្ដានុពល ខ្ញុំហ៊ាននិយាយថា តម្លៃដីក្នុងខណ្ឌសែនសុខ ជាខណ្ឌលេចធ្លោ បន្ទាប់ពីខ.បឹងកេងកង ខ.ដូនពេញ និងខណ្ឌទួលគោក”។

លោកឧកញ៉ា លើកឡើងថា តម្លៃដីក្នុងខណ្ឌសែនសុខបច្ចុប្បន្ន ក្នុងតំបន់ភ្នំពេញថ្មី ដីមួយម៉ែត្រការ៉េអាចនៅចន្លោះពី 800$-1000$ ខណៈដែលក្នុងតំបន់ក្រាំងធ្នុង និងឃ្មួញ មានតម្លៃពី 250$-350$ ឬ 400$-500$ អាស្រ័យលើប្រភេទដី និងទំហំ។ អគ្គនាយកក្រុមហ៊ុន Kw Sam SN Realty Co., Ltd ដដែលរូបនេះ ពន្យល់បន្ថែមទៀតថា៖ “ខ្ញុំនៅតែសង្កេតមើលឃើញថា តម្លៃដីធ្លីក្នុងខណ្ឌសែនសុខ ដែលជាខណ្ឌមួយមានប្រជាប្រិយភាពខ្លាំងក្នុងរាជធានីភ្នំពេញ នៅតែមានការកើនឡើងជានិច្ច ហើយសកម្មភាពទិញលក់នៅតែមានជាហូរហែ”។

តម្លៃដីស្រែនៅក្នុងតំបន់ក្រាំងធ្នុង និងឃ្មួញ កាលពី ៥ឆ្នាំមុន ត្រឹមតែ 30-40$ ក្នុងមួយម៉ែត្រការ៉ តែឥឡូវឡើងដល់ 350-450$ ក្នុងមួយម៉ែត្រការ៉េ លោតដល់ 500$ ក៏មានដែរ។ តម្លៃដីធ្លីក្នុងខណ្ឌសែនសុខ មានការកើនឡើង មិនមែនជារឿងចៃដន្យនោះទេ ពោលគឺ ដោយសារកត្តាការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក្នុងខណ្ឌមួយនេះ មានច្រើនសម្បូរបែបមែនទែន។ ក្នុងនោះ មានស្ពាន ផ្លូវ សាលារៀន ផ្សារទំនើប ប្រជាពលរដ្ឋរស់នៅច្រើន។

បន្ថែមពីការលើកឡើងខាងលើ ឧកញ៉ា សំ សុខនឿន ក៏បានព្យាករណ៍ថា បើទោះបីជាតម្លៃដីក្នុងខណ្ឌសែនសុខនាពេលបច្ចុប្បន្ន មានចាប់ពី 350$-500$ ក្នុងមួយម៉ែត្រការ៉េក៏ដោយ តែតម្លៃនេះនឹងបន្តកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ អាចដល់ 1000$ ក្នុងមួយម៉ែត្រការ៉េ ឬលើសនេះ។

ខណ្ឌសែនសុខសព្វថ្ងៃ កំពុងក្លាយបណ្តុំដោយ​គម្រោងបុរីលំនៅឋានដ៏លេចធ្លោ ដែលមានចំណែកដល់ទៅជាង ២០ ភាគរយ​ នៃការផ្គត់ផ្គង់បុរីលំនៅឋានសរុបនៅរាជាធានីភ្នំពេញ។ ខណ្ឌសែនសុខមានសង្កាត់សរុបចំនួន ៦ រួមមាន​ សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់​​គោក​ឃ្លាំង។ ខណ្ឌនេះជាតំបន់ដែលមានការអភិវឌ្ឍស្ទើគ្រប់ប្រភេទអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃដីនៅ ​សង្កាត់​មួយចំនួន​មានការកើនឡើងយ៉ាងខ្លាំង។

លោកឧកញ៉ា សំ សុខនឿន បច្ចុប្បន្ន គឺជាប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុន KW SAM SN REALTY CO., LTD ដែលជាក្រុមហ៊ុនជំនាញលើវិស័យអចលនទ្រព្យ មានផ្ដល់សេវាកម្មលើការ ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យ៕