កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Gautam Adani បានត្រូវគេដាក់រហស្សនាមឲ្យជាមហាសេដ្ឋីចិត្តបុណ្យ ក្រោយបានបរិច្ចាគទឹកប្រាក់មហាសាល ៦០០ ពាន់លានរូពី ឬប្រមាណ ៧,៧ ពាន់លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយពី Bloomberg បានឲ្យដឹងថា ការធ្វើសប្បុរសធម៌មួយនេះគឺក្រោមឈ្មោះរបស់ Adani និងក្រុមគ្រួសារ ហើយអំណោយនេះទៀតសោត គឺនឹងត្រូវយកទៅប្រើប្រាស់លើការការពារសុខភាព វិស័យអប់រំ និងការអភិវឌ្ឍជំនាញផ្សេងៗ។
សូមជម្រាបដែរថា សម្រាប់សែស្រឡាយត្រកូល Adani មានតែលោក Gautam ម្នាក់ប៉ុណ្ណោះ ដែលអាចមានសមត្ថភាពរកទ្រព្យសម្បត្តិដល់ខ្ទង់ ៩២ ពាន់លានដុល្លារជាលើកដំបូង។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Bloomberg។
ទន្ទឹមនឹងនោះ សារព័ត៌មាន Economic Times ក៏បានអះអាងដែរថា Adani Foundation គឺកំពុងដុតដៃដុតជើងខ្លាំងចំពោះការជួយកសាងជីវភាពប្រជាពលរដ្ឋក្នុងតំបន់ឲ្យមាននិរន្តរភាព ទាំងការគ្រប់គ្រងផ្នែកសុខភាព អាហារូបត្ថម្ភ ការអប់រំ ព្រមទាំងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីផងដែរ។
របាយការណ៍ខាងលើក៏បានបញ្ជាក់ទៀតថា បណ្ដាញសប្បុរសធម៌ដែលធ្វើឡើងដោយ Adani Foundation កំពុងគ្របដណ្ដប់ដល់មនុស្សប្រមាណ ៣,៧ លាននាក់នៅភូមិចំនួន ២ ៤០៩ ទូទាំងរដ្ឋចំនួន ១៦ នៅប្រទេសឥណ្ឌា។
គួសរំលឹកដែរថា ការធ្វើសប្បុរសធម៌បែបនេះតែងត្រូវបានប្រទះឃើញមហាសេដ្ឋីលោកខាងលិចប្រារព្ធធ្វើជាញឹកញយ តួយ៉ាងដូចជា Bill Gates និង Warren Buffett ជាដើម ប៉ុន្តែសម្រាប់មហាសេដ្ឋីនៅអាស៊ីវិញគឺកម្រកើតមានណាស់ ហើយការដែលបរិច្ចាគលុយរាប់ពាន់លានពីហោប៉ៅខ្លួនឯងបែបនេះទៀត គឺពិតជាមិនងាយបានឃើញឡើយ៕