ខេត្តព្រះសីនុ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ មានផ្ទុកវីរុសកូរ៉ូណា។
ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ មានផ្ទុកវីរុសកូរ៉ូណាថ្មី។
ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។
បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ហើយសំណាកដែលបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។
ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។
យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា លោក ចា ជិនហួរ និងក្រុមគ្រួសារបានចេញដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យ ចំនួន២យប់។ បន្ទាប់មកបានចូលមកស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈ ក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិន និងបានប្រាប់ថា ប្តីគាត់មានអាការៈក្តៅខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិភាគស្របតាមលក្ខណៈបច្ចេកទេស ដែលបានណែនាំដោយក្រសួងសុខាភិបាលនៅថ្ងៃដដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើនោះមកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជិនហួរ មានវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCoV)នេះ។
បច្ចុប្បន្ននេះតាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យ ស្ថានភាពអ្នកជំងឺមានសភាពហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់ក៏មិនទាន់រកឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត៕