ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ ទុនវិនិយោគផ្ទាល់បរទេសរបស់វៀតណាមនៅកម្ពុជា ឈរលំដាប់ទី៤ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាមេរិក។
ថ្លែងក្នុងបទសម្ភាសន៍ ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ឯកឧត្តមបានលើកឡើងទាក់ទងនឹងវិស័យសេដ្ឋកិច្ចថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានការកើនឡើងគួរឱ្យកត់សម្គាល់។ បើមើលថយក្រោយបន្តិច ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ១៩៩៥ មានត្រឹមតែ ៨៥លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៩ សម្រេចបានតាមគោលដៅដែលបានកំណត់ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងទំហំប្រមាណ ៥,២ ប៊ីលានដុល្លារអាមេរិក។
ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងបន្ថែមថា៖ “ក្នុងគ្រាដែលពិភពលោកជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច ដែលបង្កដោយជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ យើងអាចសម្រេចបានជាង ៥,៣ ប៊ីលានដុល្លារអាមេរិក ហើយបានបន្តកើនឡើងជាង ៩,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់យើងសម្រេចបានប្រមាណ ៥,៤៥ ប៊ីលានដុល្លារអាមេរិក រួចទៅហើយ។ ដោយឡែក វិនិយោគផ្ទាល់ (FDI) ពីប្រទេសវៀតណាមនៅកម្ពុជា ឈរលំដាប់ទី៤ ក្នុងទឹកប្រាក់សរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាមេរិក”។
គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម ជាប្រទេសជាប់ភូមិផងរបបជាមួយគ្នា និងមានទំនាក់ទំនងជាមួយគ្នាជាងមួយពាន់ឆ្នាំមកហើយ។ បើនិយាយពីសម័យទំនើបវិញ ប្រទេសទាំងពីរ បានឆ្លងកាត់ការលំបាករួមសុខទុក្ខជាមួយគ្នា និងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុទាមទារឯករាជ្យពីរបបអាណានិគមនិយម រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់។ មកទល់បច្ចុប្បន្ននេះ កំរិតនៃទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានលើកកម្ពស់ទៅជា “ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ” ចាប់តាំងពីឆ្នាំ២០០៥៕