កម្ពុជា-ចិន រំពឹងថា ការចរចាលើការនាំចេញកសិផលរបស់កម្ពុជាចំនួន២មុខ គឺផ្លែតាង៉ែន និង ត្រីប្រា នឹងបញ្ចប់ក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ក្នុងកិច្ចសម្ភាសន៍រវាងឯកឧត្ដម ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន កាលពី ថ្ងៃទី២២ មិថុនា ២០២២។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាបានឲ្យដឹងថា រយៈពេល ៥ ឬ ៦ឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានធ្វើការដោះរបាំងភូតគាមអនាម័យ ចំនួន៦មុខ ហើយ រួមមាន ដំឡូងមី ពោត កញ្ចុងអង្ករ ស្វាយ និងចេក ដែលបាននាំចេញទៅចិន រួចរាល់ហើយ ដោយពេលនេះកំពុងចរចាគ្នា លើការនាំចេញ២មុខទៀត គឺផ្លែតាង៉ែន និង ត្រីប្រា ដែលសង្ឃឹមថា នឹងបញ្ចប់នៅពាក់កណ្តាលខែកក្កដា ២០២២នេះ។
ក្រៅពីនេះ លោកថា ភាគីទាំងពីរក៏បានពង្រឹងកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យព្រៃឈើ រួមមានដូចជា ការអភិរក្សសត្វព្រៃ ការកសាងសមត្ថភាព ផ្លាស់ប្តូរទស្សនកិច្ច ក្នុងនោះ មានការចុះអនុស្សរណៈយោគយល់គ្នា១០ គម្រោង ក្នុងវិស័យព្រៃឈើនេះ ។ វិស័យជលផល ក៏ប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមមាន ដូចជា វិធានការទប់ស្កាត់បទល្មើសនេសាទ ក្នុងលំហសមុទ្រ ជាដើម។ ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ដោយក្រសួងកសិកម្មបានទទួល ៦ គម្រោង ដែលបាននិងកំពុងអនុវត្ត ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឲ្យដឹងដែរថា ក្រៅពីគម្រោងខាងលើ មានគម្រោងដែលសំខាន់មួយទៀតដែរ គឺភាគីចិនបាននិងកំពុង ជំរុញផែនការអនុវត្តផែនការទំនើបកម្មកសិកម្ម នៅកម្ពុជា បានចុះវាយតម្លៃនៅតាមបណ្តាខេត្ត អំពីស្ថានភាពនៅកម្ពុជា។តាមរយៈគម្រោងនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានបង្ហាញការជឿជាក់ដែរថា បេសកកម្មរបស់មិត្តចិន អាចនឹងបន្តការសិក្សាបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា នាពេលកន្លងមក៕