ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ អតិថិជនជាស្ដេច ស្ដេចមិនសាញតម្លៃទេ បុរី វិមានសំណាង លក់តម្លៃចាប់ពីជាង ៤០ម៉ឺន ដល់៥,៥ លានដុល្លារ!

ជុំវិញ​ឧកញ៉ា

កត្តាតម្លៃដីបន្តឡើងថ្លៃ និងសេដ្ឋកិច្ចប្រជាជនកាន់តែល្អប្រសើរ បានជម្រុញឱ្យអ្នកអភិវឌ្ឍន៍គម្រោងសាងសង់បុរីនានា ក្នុងរាជធានីភ្នំពេញ សាងសាងបុរីលក់ក្នុងតម្លៃចាប់ពីមធ្យម រហូតដល់តម្លៃខ្ពស់ខ្ទង់លានដុល្លារ។ ក្នុងនោះ ក៏មានបុរីលំដាប់អភិជនមួយ ប្រកាសពីតម្លៃលក់ចាប់ពីជាង ៤០ម៉ឺនដុល្លារ ឡើងរហូតដល់ ជាង ៥លានដុល្លារដែរ។ នោះគឺគម្រោងបុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងចេញពីវេទិកា “ជំនួបម្ចាស់អាជីវកម្ម និងហ្វ្រេនឆាយ ២០២២” នៅចំពោះមុខអ្នកចូលរួមស្ដាប់ផ្ទាល់ជាង ១ពាន់នាក់ ស្ថាបនិកបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងពីមូលហេតុចម្បងដែលធ្វើឱ្យលោក សម្រេចចិត្តសាងសង់បុរីលំដាប់អភិជន និងលក់ក្នុងតម្លៃចាប់ជិតកន្លះលានដុល្លារ ឡើងរហូតដល់ជាង ៥លានដុល្លារ។

ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេសកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ថ្លែងក្នុងន័យប្រៀបធៀបយ៉ាងដូច្នេះថា៖ “អតិថិជន គឺជាស្ដេច ស្ដេចមិនដែលសាញរឿងតម្លៃទេ ហេតុនេះហើយទើបបុរី វិមានសំណាង សាងសង់លំដាប់អភិជនលក់ផ្ទះតម្លៃចាប់ពីជាង ៤០ម៉ឺនដុល្លារ ដល់៥,៥ លានដុល្លារ”។

ភូមិគ្រឹះ ដែលស្ថាបនិកបុរី វិមានសំណាង ខាងលើលើកឡើងថា មានតម្លៃចូលដល់ ៥លានដុល្លារកន្លះនោះ គឺជាភូមិគ្រឹះប្រភេទ Royal Villa សាងសង់ឡើងមានចំនួនកំណត់ ត្រឹមតែ ៣ផ្ទះប៉ុណ្ណោះ (លក់ដាច់អស់ហើយ)។ ភូមិគ្រឹះនេះ មានទំហំធំទូលាយស័ក្តិសមសម្រាប់គ្រួសារលំដាប់អភិជននៅកម្ពុជាទិញរស់នៅ។ សាច់ដី Royal Villa មានទំហំ ៥០ម៉ែត្រ x ៦០ម៉ែត្រ សំណង់ផ្ទះទំហំ ១៨ម៉ែត្រ x ៣០ម៉ែត្រ កម្ពស់ ៣ជាន់ និងមានបន្ទប់គេង ១០ បន្ទប់ ។

ភូមិគ្រឹះ Royal Villa

ដោយឡែកប្រភេទផ្ទះតម្លៃជាង ៤០ម៉ឺនដុល្លារ ក្នុងគម្រោងបុរី វិមានសំណាង គឺជាប្រភេទអាជីវកម្មបែបក្លាសិក (Classic​ Shophouse) បែបបារាំង សាងសង់ជាប់ផ្លូវមេ មានចំនួនតែ ២០ផ្ទះប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏អតិថិជនកក់ទិញអស់ដែរ។

ផ្ទះអាជីវកម្មបែបក្លាសិក (Classic​ Shophouse)

គម្រោង បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង សាងសង់លើផ្ទៃដី ២៥ ហិចតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ របស់ប្រធាន KW Cambodia រូបនេះ បណ្ដុំទៅដោយផ្ទះ​វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា ដូចជា Royal Villa, King Villa Queen Villa និង Prince Villa ជាដើម។

បច្ចុប្បន្ន គ្រប់ប្រភេទផ្ទះ និងភូមិគ្រឹះ ក្នុងគម្រោងលំដាប់អភិជនរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ទទួលការកក់ និងលក់ដាច់ជាបន្តបន្ទាប់លើសពីការរំពឹងទុក៕