ឡាន​​ Mercedes-Benz ផលិត​តែ ២ គ្រឿង​លើ​លោក ជាប់​ជា​ឡាន​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ

អន្តរជាតិ

រថយន្ត Ferrari 250 GTO ដែល​ធ្លាប់​លក់​ចេញ​ក្នុង​តម្លៃ​ប្រមាណ ៧០ លាន​ដុល្លារ លែង​ជា​រថយន្ត​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ហើយ ដោយសារ​ថ្មីៗនេះ ​រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ត្រូវបាន​ដាក់​ដេញថ្លៃ និង​លក់​ចេញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​នោះ​ទ្វេដង​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី Bleedingedgedigital បាន​ឲ្យ​ដឹងថា Mercedes-Benz 300 SLR Uhlenhaut Coupe គឺ​ផលិត​ឡើង​តែ ២ គ្រឿង​គត់​នៅ​ឆ្នាំ ១៩៥៥ ដោយ​បាន​ដាក់​ឈ្មោះ​តាម​អ្នក​ផលិត និង​ប្រធាន​វិស្វករ Rudolf Uhlenhaut។

រថយន្ត​ដ៏​ប្រណីត​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ ដោយសារ​តែ​វា​ជា​វត្ថុ​កម្រ មាន​ល្បឿនលឿន និង​គុណភាព​នៃ​រថយន្ត ស្របពេល​រថយន្ត​ដែល​ដាក់​ដេញថ្លៃ​នេះ​គឺជា​កម្មសិទ្ធិ​របស់​បុគ្គល​ដែល​ចូលចិត្ត​ប្រមូល​រថយន្ត​ទុក ខណៈ​មួយ​គ្រឿង​ទៀត​គឺ​កំពុង​ដាក់​តាំងនៅ​សារមន្ទីរ Mercedes Museum នៅ​ទីក្រុង Stuttgart។

រថយន្ត​ដ៏​ប្រណីត​មួយ​នេះ​បំពាក់​មក​ជាមួយ​នូវ​ម៉ាស៊ីន ៣ លីត្រ ស៊ីឡាំង ៨ វា​អាច​ផលិត​កម្លាំង​ដល់ ៣១០ Hp ឬ​អាច​បើកបរ​ដល់​ល្បឿន ៣០០ គម/ម៉ោង និង​មាន​ចង្កឹះ​លេខ​ដៃ ៥ វគ្គ​ផងដែរ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Supercar។

សូម​ជម្រាប​ដែរ​ថា រថយន្ត​ដ៏​កម្រ​មួយ​នេះ​ត្រូវបាន​ដាក់​ដេញថ្លៃ​កាលពី​ថ្ងៃទី ២២ ឧសភា ហើយ​ត្រូវបាន​លក់ចេញ​ក្នុង​តម្លៃ​ប្រមាណ ១៤៣ លាន​ដុល្លារ ជាប់ជា​រថយន្ត​ដេញថ្លៃ​មាន​តម្លៃ​ថ្លៃ​បំផុត​ប្រចាំប្រវត្តិ​សាស្ត្រ ស៊ីដាច់​រថយន្ត Ferrari 250 GTO ដែល​ធ្លាប់​លក់​ចេញ​ក្នុង​តម្លៃ​ប្រហែល ៧០ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៨៕