ក្រុមហ៊ុន ហ៊ួត ជា គ្រុប បានរៀបចំវេទិកាជំនួបម្ចាស់អាជីវកម្ម និងហ្វ្រេនឆាយ ២០២២ ដើម្បីចែករំលែកចំណេះដឹងអាជីវកម្ម ពីអ្នកជំនួញល្បីៗ កាលពីថ្ងៃទី ២៦ ខែមិថុនា ម្សិលមិញ នាសណ្ឋាគារ សុខា ភ្នំពេញ។ វេទិកានេះរៀបចំឡើងដើម្បីដាស់អារម្មណ៍ម្ចាស់អាជីវកម្មដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ឱ្យក្រោកឈរឡើងវិញ ក្នុងចាប់ផ្តើមរៀបចំដំណើរការអាជីវកម្មរបស់ខ្លួន និងជំនួបរវាងអ្នកចង់ចាប់ផ្តើមអាជីវកម្ម និងម្ចាស់ហ្រេ្វនឆាយល្បីៗ ដោយមានការចូលរួមពីបណ្តារោងចក្រ និងអ្នកផ្គត់ផ្គង់ប្រមាណជាង ៦០ ក្រុមហ៊ុន និងអ្នកចូលរួមជាង ១ ពាន់នាក់។
ថ្លែងក្នុងវេទិកានោះ ឧកញ៉ា ហ៊ួត ជា ស្ថាបនិកក្រុមហ៊ុន ហ៊ួត ជា គ្រុប បានលើកឡើងថា បច្ចុប្បន្ននេះការទិញលក់សិទ្ធិអាជីវកម្មលក់បន្ត (Franchise) ដែលជាម៉ាកអាជីវកម្ម បង្កើតឡើងនៅក្នុងស្រុក បានរីកលូតលាស់គួរកត់សម្គាល់ ដោយសារម្ចាស់អាជីវកម្មភាពច្រើនបានរៀបចំឱ្យមានស្តង់ដារ អាជីវកម្ម ខណៈដែលហ្វ្រេនឆាយក្នុងស្រុកមានតម្លៃសមរម្យជាងបរទេស និងត្រូវជាមួយនឹងការធ្វើអាជីវកម្មសម្រាប់បរិបទក្នុងស្រុក។
ឧកញ៉ា ហ៊ួត ជា បានថ្លែងថា ការទិញសិទ្ធិអាជីវកម្មលក់បន្ត ដែលគេហៅថា Franchise កំពុងតែពេញនិយមនៅលើសកលលោក និងជាជម្រើសល្អមួយសម្រាប់អ្នកមានបំណងចង់បើអាជីវកម្មថ្មីៗ ដែលមិនសូវមានគំនិតក្នុងការចាប់អាជីវកម្ម និងរៀបចំអាជីវកម្មឱ្យមានស្តង់ដារ។ បច្ចុប្បន្ននេះ ការបើកអាជីវកម្មនៅកម្ពុជាដែលទិញហ្វ្រេនឆាយពីបរទេសមានប្រមាណ ៧០% និងហ្វ្រេនឆាយក្នុងស្រុកដែលបង្កើតដោយម្ចាស់អាជីវកម្មកម្ពុជាមានប្រមាណ៣០% បើប្រៀបធៀបកាលពី ៣ ឆ្នាំមុន មានតែប្រមាណ ៥% ប៉ុណ្ណោះ ពោលគឺក្នុងមួយឆ្នាំកើនប្រមាណ ១០% ដែលជាសញ្ញាណដ៏ល្អមួយបង្ហាញពីភាពល្អប្រសើរនៃគំរូអាជីវកម្មដែលបង្កើតឡើងដោយកូនខ្មែរ។
លោកឧកញ៉ាលើកឡើងថា នាពេលខាងមុខ ហ្វ្រេនឆាយក្នុងស្រុកនឹងកាន់តែរឹងមាំ ដោយសារតែបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មភាគច្រើនបានរៀបចំ និងដើរទៅរកស្តង់ដារនៃការធ្វើអាជីវកម្មមួយឱ្យត្រូវជាមួយស្តង់ដារពិភពលោក។
សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម ប៉ុន្តែមិនមានគំនិតក្នុងការធ្វើអាជីវកម្ម គួរតែទិញហ្វ្រេនឆាយ ដែលអត្រាទទួលបានភាពជោគជ័យ ក្នុងការធ្វើអាជីវកម្មច្រើនជាងការចាប់ផ្ដើមអាជីវកម្មថ្មីស្រឡាងមួយដោយខ្លួនឯងដែរ ព្រោះការចាប់ផ្តើមអាជីវកម្មដោយទិញហ្វ្រេនឆាយ មានស្តង់ដារនៃការធ្វើការ ការគ្រប់គ្រងបុគ្គលិកមានឡូហ្គោច្បាស់លាស់ និងមានគុណតម្លៃនៃក្រុមហ៊ុនផលិតផល ក៏ដូចជាគុណតម្លៃនៃអាជីវកម្ម។
លោកឧកញ៉ាបានបន្ថែមទៀតថា៖ «អាស្រ័យទៅលើម្ចាស់អាជីវកម្មថា តើគាត់ចេះរៀបចំស្តង់ដាររបស់គាត់អត់? ប្រសិនបើគាត់មិនសូវយល់ មិនសូវស្គាល់អ្នកផ្គត់ផ្គង់ មិនសូវចេះរៀបទីផ្សារអីខ្ញុំគិតថា ៩០% គួរតែទិញហ្វ្រេនឆាយ»។
សូមជម្រាបថា ការទិញហ្វ្រេនឆាយគ្រាន់បំពេញនូវចំណុចមួយចំនួន ប្រសិនបើសិក្សាអត់ជាប់ ក៏គេមិនឱ្យបើកដែរ។ ដូចករណីហ្វ្រេនឆាយក្រុមហ៊ុន ហ៊ួត ជា ពីលេខរៀងទី ១ ដល់ ១៣៧ ចំណុចហ្នឹង គឺមានន័យថា ក្រុមហ៊ុនបានធ្វើវាជាង ១០ ឆ្នាំមកហើយទាល់តែជោគជ័យបាន យកវាមកលក់ជាហ្វ្រេនឆាយ។
ហ្វ្រេនឆាយរបស់កម្ពុជាកំពុងតែរីក ដោយសារការវិនិយោគត្រូវហើយ បច្ចុប្បន្នហ្វ្រេនឆាយរបស់ក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា បានចែកចាយប្រមាណ ៩៩ ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងនាំយកហ្វ្រេនឆាយនេះទៅចែកចាយនៅ ឡាវ និង ភូមាផងដែរ៕