អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល និងភរិយារបស់លោក អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការរបស់ធនាគារវឌ្ឍនៈ មានកូនប្រុសស្រីចំនួន០៣នាក់ កំពុងកាន់តំណែងធំៗ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវឌ្ឍនៈ និងមានតំណែងខ្ពស់ៗក្នុងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធនានា នៃក្រុមហ៊ុនមេ វឌ្ឍនៈផងដែរ។
ថ្ងៃនេះឧកញ៉ាញូស៍ សូមបង្ហាញជូននូវកូនប្រុសស្រីរបស់មហាសេដ្ឋីម្ចាស់វិមានវឌ្ឍនៈកាពីតាល ចំនួន០៣រូបដូចខាងក្រោម៖
១. លោកជំទាវ សំអាង កាន្និកា
លោកជំទាវ ជាសហស្ថាបនិក និងជានាយកមិនប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលធនាគារវឌ្ឍនៈ តាំងពីឆ្នាំ២០០២។ លោកជំទាវ កាន្និកា មានប្រវត្តិសិក្សាទទួលបានបរិញ្ញាបត្រ (កិត្តិយស) ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៤ និងបានបញ្ចប់កម្មវិធីសិក្សាថ្នាក់គ្រប់គ្រងនៅសាលាពាណិជ្ជ Harvard សហរដ្ឋអាមេរិក នៅដើមឆ្នាំ២០១០។
រីឯបទពិសោធន៍ការងារវិញ លោកជំទាវ មានបទពិសោធន៍ការងារផ្នែកសវនកម្ម ជាសវនករឯករាជ្យនៅក្រុមហ៊ុន KPMG និង Deloitte ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០០៤-២០០៧, ការងារផ្នែកធនាគារ ជាគណនេយ្យករ និងជាសមាជិកក្រុមគ្រប់គ្រងហានិភ័យនៅធនាគារលំដាប់អន្តរជាតិ JP Morgan និង Credit Suisse ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០០៧-២០០៨។ បច្ចុប្បន្នលោកជំទាវ ក៏ជាសហស្ថាបនិក ភាគទុនិក និងជាអភិបាលនៃក្រុមហ៊ុនវឌ្ឍនៈ ប្រូវើរី ឯ.ក និងក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក ផងដែរ។
២. អ្នកឧកញ៉ា សំអាង វឌ្ឍនៈ
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ (Master) ផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងបានសិក្សាស្រាវជ្រាវផ្នែកអាជីវកម្មធនាគារ នៅធនាគារ Allied Irish ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៥។ អ្នកឧកញ៉ា ជានាយកប្រតិបត្តិនៃក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី និងជាអ្នកគ្រប់គ្រងគម្រោងសាងសង់សំណង់អគារវឌ្ឍនៈ កាពីតាល ដែលបានឈ្នះពានរង្វាន់ និមិត្តសញ្ញានៃការអភិវឌ្ឍមានទីតាំង នៅកណ្តាលរាជធានីភ្នំពេញ។
បច្ចុប្បន្ន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាសហស្ថាបនិក និងភាគទុនិករបស់ ធនាគារ វឌ្ឍនៈ ហើយទទួលបានការតែងតាំងជា នាយកមិនប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាល តាំងពីឆ្នាំ២០០២, ជាសហស្ថាបនិក ភាគទុនិក និងជាអភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក។
៣. លោកជំទាវ សំអាង លក្ខិណា
លោកជំទាវ បានទទួលបរិញ្ញាបត្រ (កិត្តិយស) ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១០។ លោកជំទាវ សំអាង លក្ខិណា ត្រូវបានតែងតាំងជា នាយកមិនប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។ បច្ចុប្បន្នលោកជំទាវ ក៏ជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី និងក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ជាសហស្ថាបនិក ភាគទុនិក និងជាអភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក និងក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក។
គួរបញ្ជាក់ថា ក្រុមហ៊ុនមេ វឌ្ឍនៈ គឺមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ អលង្ការ ចំកាត់ និងក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី, សួនឧស្សាហកម្ម វឌ្ឍនៈ ១ & ២, ធនាគារ វឌ្ឍនៈ និងរោងចក្រផលិតស្រាបៀរ វឌ្ឍនៈ ផងដែរ៕