អ្នកជំនាញផ្នែកបណ្តាញធុរកិច្ចជប៉ុន បានប្តេជ្ញាចូលរួមគាំទ្រដល់ការអភិវឌ្ឍនៃឧស្សាហកម្មធនធានមនុស្សកម្ពុជាឲ្យកាន់តែប្រសើរឡើង។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងតាមរយៈជំនួបសម្តែងការគួរសមជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងជំនួបនោះ លោកស្រី NAITO Chie ដែលជាអ្នកជំនាញផ្នែកបណ្តាញធុរកិច្ច និងជាអ្នកសម្របសម្រួលគម្រោងដើម្បីអភិវឌ្ឍន៍សហគ្រិន និងសេវាកម្មបណ្តាញធុរកិច្ចនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដំណាក់កាលទី ២ បានប្តេជ្ញាថា នឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍នៃ ឧស្សាហកម្មធនធានមនុស្ស និងការពង្រឹងបណ្តាញក្រុមហ៊ុនជប៉ុន និងកម្ពុជា ដែលជាជំនួយបច្ចេកទេសដល់ CJCC ។
ជាមួយគ្នានេះ ឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អ្នកជំនាញផ្នែកបណ្តាញធុរកិច្ចខាងលើ ចំពោះការរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ លោក ក៏បានស្វាគមន៍ចំពោះការបន្តសកម្មភាពអភិវឌ្ឍន៍នៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា តាមរយៈគម្រោងទាំងពីរនេះ នឹងជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជាថែមទៀត។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នៃឧស្សាហកម្មធនធានមនុស្សកម្ពុជានេះដែរ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្ដរជាតិជប៉ុន (JICA) និងក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាគ្នា ដើម្បីជំរុញគម្រោងការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដោយផ្អែកលើការអប់រំផ្អែកលើមន្ទីរពិសោធន៍ជាដើម៕