អត្តពលិក​ក្លាយជា​មហាសេដ្ឋី​បន្ត​កន្ទុយ​គ្នា ចុះ​ពេល​ណា​ទើប​ដល់​វេន Ronaldo និង Messi?

អន្តរជាតិ

កាលពី​ប៉ុន្មាន​ខែមុន អត្តពលិក​បាន​វិវត្ត​ខ្លួន​ជា​មហាសេដ្ឋី​បន្ត​កន្ទុយ​គ្នា ដូចជា LeBron James កីឡាករ​បាល់បោះ​ទើប​នឹង​ក្លាយជា​មហាសេដ្ឋី​មិន​ប៉ុន្មាន​ផង កីឡាករ​វាយកូនហ្គោល Tiger Wood ក៏​បាន​ក្លាយជា​មហាសេដ្ឋី​ម្នាក់​ទៀត​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​អត្តពលិក​កំពូលៗ​កំពុង​វិវត្ត​ជា​មហាសេដ្ឋី​បណ្ដាក់គ្នា​បែបនេះ តើ​ពេលណា​ទើប​ដល់​វេន​ជើងខ្លាំង​វិស័យ​កីឡា​បាល់ទាត់​ដូចជា Cristiano Ronaldo និង Lionel Messi? ទាក់ទង​នឹង​ចម្ងល់​មួយ​នេះ Bookies ក៏​បាន​ធ្វើការ​បក​ស្រាយ​ផង​ដែរ​ថា Ronaldo អាច​នឹង​មាន​ភាគរយ​ដល់​ទៅ ៣៦% ខណៈ​ Messi មាន ១៥%។

ប្រភព​ខាងលើ​បាន​អះអាង​ថា តារា​បាល់ទាត់ CR7 អាច​រក​ចំណូល​ប្រមាណ ១០០ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​ពី​កុងត្រា​ជាមួយ​ក្លឹប​បាល់ទាត់ ខណៈ​កុងត្រា​ជាមួយ​ក្រុមហ៊ុន Nike អាច​មាន​ច្រើនជាង ១០ លាន​ដុល្លារ​ទៀត ស្របពេល​ទ្រព្យសម្បត្តិ​កាលពី​ឆ្នាំ ២០២០ របស់​លោក​មាន​ប្រមាណ ៨០០ លាន​ដុល្លារ​ផង ដូច្នេះ​បើសិន​ជា​អាច​រក្សា​ចំណូល​នៅ​កម្រិត​នេះ​បាន យ៉ាង​យូរ ២​ឆ្នាំ​ក្រោយ Ronaldo នឹង​ក្លាយជា​មហាសេដ្ឋី​ជា​មិនខាន។

ដោយឡែក​សម្រាប់ Messi វិញ ថ្វីបើ​មាន​ទ្រព្យសម្បត្តិ​តិចជាង Ronaldo មែន ប៉ុន្តែ​បុរស​ដែល​ជា​ម្ចាស់​ពាន Ballon d’Or ៧ សម័យ នៅ​តែ​អាច​រក​ចំណូល​បាន​ប្រមាណ ៧៥ លាន​​ដុល្លារ​ពី​កុងត្រា​ជាមួយ​ក្លឹប ហើយ​កុងត្រា​មួយ​ជីវិត​ជាមួយ​ Adidas ដែល​អាច​ផ្ដល់​ឲ្យ​កីឡាករ​អាហ្សង់ទីន ២៥ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​ផង ដូច្នេះ​ក្នុង​មួយឆ្នាំៗ​ Messi អាច​រក​ចំណូល​បាន​យ៉ាងតិច ១០០ លាន​ដុល្លារ។

យ៉ាងណា វីរបុរស​នៃ​វិស័យ​បាល់ទាត់​ទាំង ២ រូប​ខាងលើ​សុទ្ធតែ​មាន​វ័យ​រាងជ្រេ​បន្តិច​ហើយ ពោល Ronaldo មាន​អាយុ ៣៨ ​ឆ្នាំ ខណៈ Messi មាន​អាយុ ៣៥ ​ឆ្នាំ ប៉ុន្តែ​បើសិន​ជា​កីឡាករ​ទាំង ២ រូប​ខាងលើ​នៅ​តែ​មាន​សុខភាព​ និង​សមត្ថភាព​ល្អ ថា​មិនត្រូវ​ពួកគេ​អាច​លេង​ដល់​វ័យ​ជាង ៤០ ដូច​នឹង​វីរបុរស​ក្រុម Barcelona លោក Rivaldo ដែល​ចូល​និវត្ត​នៅ​អាយុ ៤៣ ​ឆ្នាំ​ផង​ក៏​ថា​បាន៕