ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ នេះ ឥណទានផ្តល់ដោយធនាគារពាណិជ្ជសម្រាប់វិស័យសំណង់ និងអចលនទ្រព្យមានប្រមាណ ៣,១៨៣,៤៩៤ ប៊ីលានរៀល ក្នុងនោះវិស័យសំណង់មានប្រមាណ ១៥៩៦៧,៩១ ប៊ីលានរៀល កើនឡើងចំនួន២១,៥ % ខណៈដែលកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យវិញមានទឹកប្រាក់ប្រមាណ ១៥ ៨៦៧,០៣ ប៊ីលានរៀល កើនឡើង៣៧,២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៃក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ចំពោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានការកើនឡើងដែរ ដោយមានទឹកប្រាក់សរុបប្រមាណ ២៣ ៥៦៤,៦៦ ប៊ីលានរៀល កើនបាន២៩,៩ %។ ជាមួយគ្នានេះដែរ ឥណទានផ្តល់ដោយមីក្រូហិរញ្ញវត្ថុក្នុងវិស័យសំណង់មានចំនួនទឹកប្រាក់សរុបប្រមាណ១ ៥០៣,៨៧ ប៊ីលានរៀល កើនឡើងប្រមាណ៣៩,៨ % ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។
ក្នុងរបាយការណ៍ដដែលនេះ បានលើកឡើងទៀតថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការនាំចូលបរិក្ខារសំណង់មានទឹកប្រាក់សរុបប្រមាណ ៤៧១,៩២ លានដុល្លារអាមេរិក កើនឡើង១៨,១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១៕