គ្រូ​បង្រៀន​អង់គ្លេស​​ម្នាក់ ​សុខ​ចិត្ត​ចាយពេល​ទំនេរ បើក​បណ្ណាល័យចល័តបណ្តុះគំនិត​​កា​រ​អាន​ដល់​យុវជន

អាជីវកម្ម

អំណានមួយរយៈនេះឃើញថាមានសន្ទុះខ្លាំងព្រោះយុវជនបានងាកមករកការអានឡើងវិញ ដើម្បីពង្រីកចំណេះដឹងបន្ថែម បន្ទាប់ពីសិក្សាក្នុងសាលារួច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ននេះ បណ្ណាល័យមានច្រើនណាស់សម្រាប់ទទួលយកទំពាំងសម្រាប់ស្នងឫស្សីដើម្បីចូលក្រេបជញ្ជក់ចំណេះដឹងដែលរួមមានបណ្ណាល័យនៅតាមគ្រឹះស្ថាននានា ហើយក៏មានផងដែរនៅបណ្ណាល័យចល័ត។

លោក សុខៈ ក្នុងអាជីពជាគ្រូបង្រៀនភាសាអង់គ្លេស ដោយចូលចិត្តក្នុងការបណ្តុះបណ្ដាលនូវចំណេះដឹងដល់សិស្ស បច្ចុប្បន្ននេះលោកបានបើកបណ្ណាល័យចល័តមួយ សម្រាប់សាធារណជនទូទៅអានដើម្បីទទួលបានចំណេះដឹងថ្មីៗ។

ក្នុងបទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ លោកបានលើកឡើងថា មូលហេតុដែលបង្កើតបណ្ណាល័យនេះឡើងគឺក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា ក៏ដូចជាចែករំលែកអំណានដល់យុវជនក្នុងខេត្ត​។ ចំពោះបណ្ណាល័យចល័តនេះបើកដំណើរការតាំងពីឆ្នាំ២០១៧មកម្ល៉េះ។

លោកសុខៈ ជាមន្រ្តីរាជការត្រូវបំពេញការងារ ហេតុនេះ​លោកទំនេរតែថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ។ លោក​បន្ត​ថា ក្នុងការខ្ចីសៀវភៅយកទៅសិក្សា ក៏ដូចជាសិក្សានៅមួយកន្លែងគឺមិនគិតលើថ្លៃទេ។ ចំពោះការប្រឈមវិញ ពេលខ្លះអាកាសធាតុ​មិនសូវអំណោយផលដូចជាមានភ្លៀងជាដើម​​ ហើយ​មួយទៀត​សៀវភៅចេះតែបាត់ ដោយសារការខ្ចីមិនសង កត្តាប្រឈមមួយទៀតនោះគឺរ៉ុម៉កសម្រាប់ចល័តបណ្ណាល័យគឺមានការខូចជារឿយៗ។

លោកសុខៈ រំពឹងយ៉ាងមុតមាំថា តាមរយៈការបង្កើតនៅបណ្ណាល័យចល័តនេះ នឹងបង្កើនទម្លាប់ការអានដល់យុវជនក៏ដូចជាក្មេងៗឱ្យងាកមកចាប់អារម្មណ៍លើអំណានសារឡើងវិញ។

លោកបានបញ្ជាក់ថា បន្ទាប់ពីសិស្សានុសិស្សបានរៀនពីសាលាមកហើយ បូកផ្សំនឹងការយល់ដឹងពីបញ្ហាផ្សេងៗដូចជាទាក់ទងខាងហិរញ្ញវត្ថុជាដើម ធ្វើឱ្យគាត់ចេះគិតពិចារណាបានច្រើន។

បច្ចុប្បន្ននេះបណ្ណាល័យចល័តតាកែ​វមានសៀវភៅសរុបជាង ២០០០ ក្បាល។ សៀវភៅភាគច្រើនទាក់ទងទៅនឹងការបណ្ដុះគំនិត ការអភិវឌ្ឍខ្លួនឯង ការអប់រំផ្សេងៗ សៀវភៅជាភាសាបរទេសក៏មានច្រើនណាស់ដែរ។

លោកសុខៈបានបង្ហើបប្រាប់ឧកញ៉ាញូស៍ថា ចំពោះការបើកបណ្ណាល័យនេះគឺមានការចូលរួមចំណែករវាងលោកជាមួយមិត្តដែលរស់នៅប្រទេសអ៊ីតាលី ដែលការចំណាយដំបូងអស់ប្រហែល ២០០០ ដុល្លារក្រោយមកទៀតលោកទិញសៀវភៅដាក់បន្ថែមអស់ប្រមាណ ៥០០០ដុល្លារទៀត។ លោកក៏បញ្ជាក់ផងដែរថា សៀវភៅមួយចំនួនទៀតគឺ ទទួលបានការឧបត្ថមរបស់បងប្អូននៅក្នុងស្រុកផងដែរ។

បណ្ណាល័យនេះចល័តតែក្នុងទីរួមខេត្តតាកែវតែប៉ុណ្ណោះ​ ដែលភាគច្រើនដាក់នៅតាមសួន ចំពោះអ្នកអានភាគច្រើនជាសិស្ស បើគិតជាភាគរយប្រមាណជា៧០ភាគរយ ក្មេងតូចៗ២០ភាគរយ និងសម្រាប់មនុស្សវ័យចំណាស់មានតែ១០ភាគរយប៉ុណ្ណោះ។

លោកសុខៈ ក៏បានផ្សាភ្ជាប់បណ្ណាល័យនេះជាមួយសាលារៀនផងដែរ ដោយលោកសហការជាមួយនាយកសាលាក៏ដូចជាគណៈគ្រប់គ្រងសាលាដើម្បីនាំយកសៀវភៅនេះទៅដាក់ឱ្យសិក្សាក្នុងមួយសប្ដាហ៍ម្ដង​ឬ១ខែពីរដង ដែលការអនុវត្តបែបនេះបណ្ណាល័យចល័តបានអនុវត្តចំនួនជាង១០សាលាមកហើយ។

តាមរយៈឧកញ៉ាញូស៍ គ្រូភាសាអង់គ្លេសវ័យ៣២ឆ្នាំរូបនេះ ក៏បានសំណូមពរបងប្អូនទាំងអស់ងាកមករកអំណានឡើងវិញដើម្បីទទួលបានចំណេះដឹងថ្មីៗ ល្អៗ យកទៅអភិវឌ្ឍខ្លួនឯង ក៏ដូចជាសង្គមទាំងមូលផងដែរ៕