ម្ចាស់ហាងយក្សាបោកអ៊ុត ប្រាប់អាជីវកម្មចំនួន ៣ រកស៊ីឆាប់ក្លាយជាអ្នកមាន

អាជីវកម្ម

លោក ហែម ហេម៉ា ថៅកែហាងយក្សាបោកអ៊ុត ធ្លាប់​បាន​ឆ្លងកាត់ជីវិតបរាជ័យ​ក្នុង​មុខ​ជំនួញ​មិន​តិច​ជាង​ ១២លើក​ឡើយ​ ប៉ុន្តែលោកមិនបោះបង់គោលដៅដោយនៅតែសន្សំចិត្តក្រាងននៀលតស៊ូរហូតសាងអាជីវកម្មមួយល្បីឈ្មោះទទួលជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លង​កាត់​បទ​ពិសោធ​ជីវិត​ជាច្រើន​លើ​វិស័យ​ជំនួញ​ លោក ហែម ហេម៉ា ថ្លែងក្នុងវេទិកាជំនួបម្ចាស់អាជីវកម្ម និង ហ្វ្រេនឆាយ ២០២២ កាលពីថ្ងៃទី២៦ ខែមិថុនា នាសណ្ឋាគារសុខា ភ្នំពេញ បានបង្ហើបនូវអាជីវកម្មចំនួន ៣ ដែលវិនិយោគទៅហើយឆាប់បានជោគជ័យ និងក្លាយជាអ្នកមានដ៏ឆាប់រហ័ស។

អាជីវកម្ម ៣ ដែលលោក ហែម ហេម៉ា អះអាងថាវិនិយោគទៅឆាប់ក្លាយជាអ្នកមាន ដូចជា៖

ទី១ អាជីវកម្មប្រចាំថ្ងៃ (ហាងបោកអ៊ុត ភោជនីយដ្ឋាន របរហូបចុកប្រចាំថ្ងៃ)

ទី២ អាជីវកម្មប្រចាំខែ (ប្រាក់ខែ ផ្ទះជួល ចងការប្រាក់ ធនាគារ និងផ្សារ)

ទី៣ អាជីវកម្មប្រចាំឆ្នាំ (ប្រាក់ប្រចាំឆ្នាំ ឬរដូវ ដូចជាអចលនទ្រព្យ កសិដ្ឋានចិញ្ចឹមក្រពើ ស្រែ ស្វាយចន្ទ និងហ្វ្រែនឆាយជាដើម)។

ទន្ទឹមនឹងនោះ លោកក៏បានលើកឡើងបន្ថែមថា មនុស្សយើងកើតមកដើម្បីជោគជ័យត្រូវការដើមទុន យីអ៊ុន និងបញ្ញា។ លោកថា ដើមទុន សំដៅទៅលើការដែលមានប្រាក់ ជីវិត និងទំនាក់ទំនង។ សម្រាប់ពាក្យថា យីអ៊ុន គឺជាឪកាស-ពេលវេលា ភាពចៃដន្យ-ពេលវេលា និងរីករាយនូវអ្វីដែលធ្វើ។ ចំណែក បញ្ញា លោកបានសង្កត់ធ្ងន់ទៅលើ សៀវភៅតូច ដែលមានន័យថា ការរៀនសូត្រពីក្នុងសាលា ហើយសៀវភៅធំ គឺការជួបជុំគ្នាក្នុងតុកាហ្វេដើម្បីពិភាក្សា។

លោក ហែម ហេម៉ា ថ្លែងថា៖ «ជំហាននៃភាពជោគជ័យមានតែមួយជំហានតំបូងប៉ុណ្ណោះគឺប្រថុយ។ លោកសង្កត់ធ្ងន់ថា នៅពេលយើងរៀបចំផែនការសព្វគ្រប់អស់ហើយប្រកបដោយបញ្ញា ប៉ុន្តែបើគ្មានការប្រថុយក៏អត់ជោគជ័យដែរ។ ការប្រថុយប្រថានទៀតសោត កុំប្រថុយដោយភាពល្ងិតល្ងង់ តែត្រូវប្រថុយដោយបញ្ញា។ សរុបមក ប្រថុយដើម្បីទទួលបានឱកាស»៕