ប្រទេស G7 ផ្តល់ទឹកប្រាក់ ៥ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងវិបត្តិសន្តិសុខស្បៀងពិភពលោក

Uncategorized

ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីរ ឬ G7 ប្តេជ្ញានឹងផ្តល់កញ្ចប់ថវិកាចំនួន ៥ពាន់លានដុល្លារ ដើម្បីបង្កើនសន្តិសុខស្បៀងពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹង ក្តីបារម្ភរបស់ប្រទេសកំពុងអភិវឌ្ឍអំពីភាពអត់ឃ្លាន ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ មិថុនាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
(Photo by SVEN HOPPE / DPA / dpa Picture-Alliance via AFP)

នៅថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងក្នុងប្រទេសអាល្លឺម៉ង់ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកនឹងរ៉ាប់រងជាងពាក់កណ្តាល នៃចំនួនសរុបខាងលើ ដើម្បីជួយប្រយុទ្ធប្រឆាំងភាពអត់ឃ្លាន ក្នុងប្រទេសចំនួន៤៧ ក៏ដូចជាសម្រាប់ផ្តល់ឱ្យអង្គការផ្សេងៗនៅតាមតំបន់ផងដែរ។

លោកគូសបញ្ជាក់បន្ថែមថា «សកម្មភាពរបស់រុស្ស៉ី គឺជាមូលហេតុស្នូល ដែលយើងអាចទាញភ្ជាប់ដោយផ្ទាល់ទៅកាន់ គ្រប់បញ្ហាទាំងអស់ ដែលយើងកំពុងមើលឃើញនៅជុំវិញពិភពលោក ពាក់ព័ន្ធនឹងសន្តិសុខស្បៀង។ ទង្វើរបស់លោក ពូទីន បានបង្កភាពរាំងស្ទះជាខ្លាំង ដល់ការផលិតស្បៀងអាហារ និងវិស័យកសិកម្ម ហើយលោកបានប្រើប្រាស់ស្បៀងអាហារជាអាវុធ តាមរយៈការបំផ្លាញឃ្លាំងស្តុកផលិតផលកសិកម្ម ព្រមទាំងបិទខ្ទប់កំពង់ផែនានារបស់អ៊ុយក្រែន នៅសមុទ្រខ្មៅ»។

គួរបញ្ជាក់ថា ក្រុមប្រទេស G7 កំពុងព្យាយាមប្រមូលផ្តុំប្រទេសរីកចម្រើនផ្សេងទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី ដើម្បីប្រឆាំងនឹងអ្វីដែលលោកខាងលិច ហៅថាជាការឈ្លានពាន របស់ទីក្រុងមូស្គូ ហើយកិច្ចប្រជុំនាឆ្នាំនេះ ក៏បានហៅប្រទេសប្រជាធិបតេយ្យ ដែលមានចំណូលមធ្យម និងទាប ចំនួន៥ផ្សេងទៀត ទៅចូលរួមផងដែរ៕