ផ្តើម​ពីកម្មកររោងចក្រ មកចាប់របរបណ្តុះកូនដំណាំលក់ មួយថ្ងៃ​រក​ចំណូល​ពី​ ១០ ម៉ឺន​ទៅ ២០ ម៉ឺន​រៀល

អាជីវកម្ម

ស្រ្តី​វ័យ​ក្មេង​ម្នាក់​ធ្លាប់តែធ្វើការរោងចក្រ បែរមកចាប់មុខរបរលក់កូនដំណាំគ្រប់ប្រភេទ ដើម្បីរក​ចំណូលផ្គត់ផ្គង់​គ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កូនដំណាំក្រូច

អ្នកស្រី ស្រី លក្ខ័ ដែលមានស្រុកកំណើតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បាន​ផ្លាស់ទី​លំនៅ​មក​រស់នៅ​ភូមិរំចេក សង្កាត់​រតនៈ ខេត្តបាត់ដំបង ដោយ​ប្រកបមុខរបរលក់កូនដំណាំលក់។ ពីដើមឡើយ ស្រ្តី​រូបនេះ​ធ្វើជាកម្មការនីរោងចក្រជាង ៥ ឆ្នាំ ទើប​ងាកមក​ចាប់ជាមុខរបរថ្មីដោយខ្លួនឯងគឺ បណ្តុះកូនដំណាំ និងទទួលទិញលក់កូនដំណាំគ្រប់ប្រភេទជាង ៣ ឆ្នាំមកហើយ។

បើ​តាមស្រ្តី​រូប​នេះ​បានប្រាប់​ពី​មូលហេតុមកចាប់មុខរបរមួយនេះឡើង គឺដោយសារទី១ គឺចង់ឈប់ធ្វើការឲ្យគេមកធ្វើការឲ្យខ្លួនឯងវិញ។ ទី២ ជាការចូលចិត្តកសិកម្ម ស្រលាញ់ធម្មជាតិ និងទី៣ គឺការចង់សាកល្បង។

ស្រ្តី​រូបនេះ​បានប្រាប់​ឧកញ៉ាញូស៍​ថា កូនដំណាំដែលបណ្តុះខ្លួនឯង និង ទិញពីគេយកមកលក់​រាល់​ថ្ងៃ​ ​មាន​ប្រមាណ ៩០ ប្រភេទដែល​រួមមាន ពូជដូង មៀន សាវម៉ាវ ស្វាយ ភ្ញៀវ ត្របែក ក្រូច ល្ហុង ម្កាក់ ចេក ជម្ពូ រួមទាំងប្រភេទផ្កាជាច្រើនទៀត។ កូនដំណាំភាគច្រើនជាប្រភេទផ្សាំមែកជាងបណ្តុះគ្រាប់ ព្រោះភ្ញៀងចូលចិត្តទិញជាប្រភេទផ្សាំ។

ស្រ្តីវ័យក្មេងរូបនេះ បានបង្ហើបពីចំណូលដែលទទួលបានក្នុងមួយខែខ្ទង់ ៣០០ទៅ៦០០​ដុល្លារ ពោលគឺ ១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃទៅតាមរដូវ ហើយ​រដូវដែលអំណោយផលគឺខែវស្សា។

ស្រ្តី​ដែល​ទើប​ចាប់ផ្តើម​របរ​ថ្មីថ្មោង​នេះ ក៏​ប្រាប់ពីវិធីបណ្តុះកូនល្ហុងដើម្បីឲ្យបានល្អ។ សំខាន់លើដី គួរជ្រើសរើសយក
ដីម៉ត់ល្អ លាយជីកំប៉ុស និងប្រភេទគ្រាប់ល្ហុង ត្រូវជ្រើសរើសពូជល្អយកទៅត្រាំទឹកមួយយប់ ទើបអាចដាក់
បណ្តុះ​បាន។

ស្រ្តី​រូប​នេះ​ ក៏​លើក​បញ្ហាប្រឈមខ្លះៗ​ក្នុង​មុខ​របរ​ដូចជា នៅពេលទទួលទិញពីគេមានដំណាំរលួយ ឬងាប់មួយចំនួន។ មួយទៀតពេលដែលផ្ញើអីវ៉ាន់ឲ្យភ្ញៀវ ក៏មានបញ្ហាងាប់បាក់បែកផងដែរ។

ជាចុងក្រោយ ស្រី ល័ក្ខ រំពឹងខ្ពស់ទៅលើមុខរបរថ្មី​របស់​ខ្លួន​ ទី១ ព្រោះភ្ញៀវដែលធ្លាប់ទិញពីមុននៅតែ​បន្តគាំទ្ររហូត នេះមកពីការយកចិត្តទុកដាក់របស់គាត់ចំពោះអតិថិជន។ ទី២ បានមើលឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ តែងតែមានភ្ញៀវមកទិញកាន់តែច្រើន កាន់តែកើន ដោយភាគច្រើនអតិថិជនដែលទទួលបានគឺតាម​រយៈ​អនឡាញ​៕