ប្រធានាធិបតី Zelenskyy ទទូច​ដក​រុស្ស៊ី​ចេញ​ពី UN ក្រោយ​អះអាង​ថា រុស្ស៊ី​កាន់តែ​ឃោរឃៅ​

អន្តរជាតិ

កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ កង​ទាហាន​រុស្ស៊ី​បាន​ធ្វើការ​បាញ់​គ្រាប់​ម៊ីស៊ីល ២ គ្រាប់​ចំ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ប្រទេស​អ៊ុយក្រែន ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច ១៨ នាក់ និងមាន​មនុស្ស​ជាច្រើន​បាន​បាត់​ខ្លួន និង​រង​របួស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំពើ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy បើក​ការ​ចោទ​ប្រកាន់​ទៅ​កាន់​រុស្ស៊ី​ចំៗ​ថា​ បាន​ក្លាយ​ជា​រដ្ឋ​ភេរវកម្ម​ដែល​តែងតែ​ធ្វើ​អំពើ​ឃោរឃៅ​ជា​រៀងរាល់​ថ្ងៃ និង​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ហៅ​កាត់ UN បណ្ដេញ​រុស្ស៊ី​ចេញ​ពី​សមាជិក​ថែម​ទៀត។ នេះ​បើ​តាម​ការ​ចុះផ្សាយពី Timesofindia។

នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​តាម​រយៈ​ Video Call រវាង​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ​និង​ក្រុម​ប្រឹក្សា​សុវត្ថិភាព UN លោក Zelenskyy បាន​ទទូច​ឲ្យ UN បង្កើត​តុលាការ​អន្តរជាតិ ដើម្បី​ស៊ើប​អង្កេត​ពី​ទង្វើ​ដែល​រុស្ស៊ី​បាន​ធ្វើ​មក​កាន់​អ៊ុយក្រែន និង​បាន​ដាក់ទោស​ប្រទេស​ដឹក​នាំ​ដោយ​លោក Vladimir Putin។

“​ពួក​យើង​ត្រូវ​តែ​បញ្ឈប់​ទង្វើ​សម្លាប់​រង្គាល​របស់​រុស្ស៊ី បើ​មិន​ដូច្នោះ​ទេ វា​នឹង​រីករាលដាល​ដល់​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត រួម​ទាំង​អាស៊ី​ផងដែរ”។ នេះ​បើតាម​សម្ដី​របស់​លោក Zelenskyy បាន​និយាយ។

សូម​ជម្រាប​ដែរ​ថា ដើម្បី​អាច​ស្នើ​ឲ្យ UN ដក​រុស្ស៊ី​ចេញពី​បញ្ជី​សមាជិក​ទាំង ១៩៣ ប្រទេស​បាន លោក Zelenskyy បាន​លើក​ឡើង​នូវ​មាត្រា​ ៦ នៃ​ច្បាប់​របស់ UN ដែល​បាន​ចែង​ថា រាល់​សមាជិក​ណា​ដែល​បាន​បំពាន​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់​បច្ចុប្បន្ន និង​ត្រូវ​បណ្ដេញ​ចេញ​ពី​អង្គការ ដោយ​មហាសន្និបាត​តាម​អនុសាសន៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

យ៉ាងណា ការ​បណ្ដេញ​រុស្ស៊ី​ចេញ​ពី UN ហាក់​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ ដ្បិត​ប្រទេស​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​ដូចជា​រុស្ស៊ី នឹង​មាន​សិទ្ធិ​ប្រើប្រាស់ “វេតូ” របស់​ខ្លួន​ ដើម្បី​រារាំង​រាល់​បំណង​ចង់​បណ្ដេញ​ពួកគេ​ចេញ​ពី UN៕