កាលពីថ្ងៃច័ន្ទកន្លងទៅ សេតវិមានបានអះអាងថា រុស្ស៊ីបានបរាជ័យក្នុងការសងបំណុលបរទេសជាលើកដំបូងក្នុងរយៈពេលប្រមាណជិតមួយសតវត្ស ដោយសារទទួលរងគំនាបសេដ្ឋកិច្ចពីប្រទេសលោកខាងលិច និងបានធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកបានកាត់ផ្ដាច់ចេញពីរុស្ស៊ី។
យ៉ាងណា អំណះអំណាងខាងលើត្រូវបានច្រានចោលទាំងស្រុងពីសំណាក់ភាគីរុស្ស៊ី ដោយពួកគេបានអះអាងថា បំណុលត្រូវបានទូទាត់តាមរយៈក្រុមហ៊ុនបម្រើសេវាកម្មបង់ប្រាក់អន្តរជាតិឈ្មោះ Euroclear រួចរាល់ហើយ ប៉ុន្តែលុយទាំងនោះបានបានដល់ដៃម្ចាស់បំណុលឡើយ។ នេះបើតាមការចុះផ្សាយពី Reuters។
“សេចក្ដីថ្លែងការណ៍អំពី ភាពបរាជ័យក្នុងការសងបំណុលបរទេសគឺពិតជាមិនត្រឹមត្រូវទាល់តែសោះ ព្រោះវាមិនមែនជាកំហុសរបស់យើងឡើយ ដែលក្រុមហ៊ុន Euroclear ទុកលុយទាំងនោះ ហើយមិនបានប្រគល់វាទៅឲ្យម្ចាស់បំណុល។ វាគ្មានផ្លូវដែលអាចហៅស្ថានការណ៍បែបនេះ ជាការអសមត្ថភាពសងបំណុលបរទេសដាច់ខាត”។ នេះបើតាមសម្ដីរបស់លោក Dmitry Peskov បានប្រាប់សារព័ត៌មានកាលពីថ្ងៃច័ន្ទ។
ដោយឡែក កាលពីថ្ងៃច័ន្ទនោះទៀតសោត មន្ត្រីហិរញ្ញវត្ថុបាននិយាយថា សកម្មភាពរបស់អន្តរការីហិរញ្ញវត្ថុអន្តរជាតិ គឺហួសពីការគ្រប់គ្រងរបស់មន្ត្រីហិរញ្ញវត្ថុរុស្ស៊ី និងបានសុំឲ្យម្ចាស់បំណុលបរទេសទាំងអស់ ធ្វើការទាក់ទងទៅអន្តរការីហិរញ្ញវត្ថុអន្តរជាតិដោយផ្ទាល់អំពីវិធីសាស្ត្រទូទាត់សាច់ប្រាក់។
សូមជម្រាបដែរថា ក្រសួងហិរញ្ញវត្ថុនៃប្រទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ប្រព័ន្ធទូទាត់បានទទួល “ទឹកប្រាក់ពេញលេញ” មុននឹងធ្វើប្រតិបត្តិការ ប៉ុន្តែទឹកប្រាក់ទាំងនោះមិនបានទៅដល់ដៃម្ចាស់បំណុលឡើយ ដោយសារ “វិធានការជនទី៣”៕