ពាណិជ្ជករចាស់វស្សាម្នាក់នេះ ជោគជ័យយ៉ាងសម្បើមក្នុងវិស័យនាំចូល និងចែកចាយនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ជឿថាប្រិយមិត្តជាច្រើនបានស្គាល់ រថយន្តប្រភេទម៉ាក តូយ៉ូតា គ្រឿងចក្រសំណង់ BOMAG គ្រឿងចក្រកសិកម្ម YANMAR និងម៉ូតូ យ៉ាម៉ាហា ជាដើម ដែលកំពុងឈរជើងប្រកួតប្រជែងក្នុងទីផ្សារកម្ពុជាជាងពីរទស្សវត្សមកហើយ ប៉ុន្តែប្រហែលមិនមានមនុស្សច្រើនប៉ុន្មាននោះទេ ដែលបានស្គាល់ក្រុមហ៊ុន ឬថៅកែនាំចូល និងចែកចាយរថយន្ត និងគ្រឿងចក្រម៉ាកល្បីៗទាំងនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើក្រុមហ៊ុនឈ្មោះអ្វី? តើនរណាជាម្ចាស់នៅពីក្រោយភាពជោគជ័យនៃការនាំចូល? គឺគ្មានក្រុមហ៊ុនណាក្រៅពី ក្រុមហ៊ុន គង់ នួន គ្រុប ជាក្រុមហ៊ុនលក់ និងនាំចូល ចែកចាយផ្ដាច់មុខនូវផលិតផលល្បីឈ្មោះជាច្រើនប្រភេទពីទីផ្សារអន្តរជាតិ។

គង់ នួន គ្រុប ឆ្លងកាត់បទពិសោធអស់ រយៈពេលជិត ៣០ឆ្នាំដែលអាចទុកថា ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ជោគជ័យលើវិស័យនាំចូលរថយន្ត ម៉ូតូ គ្រឿងចក្រ និងគ្រឿងបន្លាស់ពីក្រុមហ៊ុនលំដាប់អន្តរជាតិ មកកាន់ទីផ្សារកម្ពុជា។

ក្រុមហ៊ុន គង់ នួន គ្រុប បោះទុនបង្កើតឡើងដោយពាណិជ្ជករចាស់វស្សា ដ៏មានឥទ្ធិពលរឹងមាំម្នាក់នៅកម្ពុជា គឺឧកញ៉ា គង់ ងួន ជាអគ្គនាយក ដែលជាអ្នកត្រួសត្រាយផ្លូវនាំភាពជោគជ័យយ៉ាងមហិមារមកឱ្យក្រុមហ៊ុន គង់ នួន គ្រប់។

លោកឧកញ៉ាជាសហគ្រិនជោគជ័យយ៉ាងសម្បើមក្នុងវិស័យនាំចូល និងចែកចាយ ដូចជា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា។

ក្រៅពីនោះ ក្រុមហ៊ុន គង់ នួន គ្រុប ក៏ជា ក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយម៉ាក យ៉ាម៉ាហា ប្រចាំប្រទេសកម្ពុជាផងដែរ។

ក្រៅពីការនាំចូលរថយន្តមកទីផ្សារកម្ពុជា លោកឧកញ៉ា បាននាំចូលនូវគ្រឿងចក្រសាងសង់ផ្លូវថ្នល់ គ្រឿងចក្រសំណង់ផ្សេងៗម៉ាក BOMAG។ សូមបញ្ជាក់ថា BOMAG បានបង្កើតទ្បើងនាឆ្នាំ ១៩៥៧ នៅប្រទេសអាល្លឺម៉ង់ ត្រូវបានចែកចាយលក់នៅលើទីផ្សារ ១២០ ប្រទេស និង៥០០ ក្រុមហ៊ុន ជាតំណាងចែកចាយ លើពិភពលោកជាយូរណាស់មកហើយ។

លើសពីនោះ ក្រុមហ៊ុន គង់ នួន គ្រុប ក៏បាននាំចូល និងចែកចាយនូវផលិតផលដូចជា៖
១.គ្រឿងចក្របម្រើផ្នែកកសិកម្ម គោយន្តម៉ាក YANMAR និង YAMAHA ម៉ាស៊ីនបូមទឹក YANMAR ម៉ាស៊ីនត្រាក់ទ័រម៉ូឌែលថ្មីរបស់ប្រទេសជប៉ុន។

២.គ្រឿងចក្របម្រើផ្នែកសាងសង់ផ្សេងៗរួមមាន HITACHI EXCAVATOR សម្រាប់ ជីកកាយដី, BOMAG Roller សម្រាប់កិនបង្ហាប់ដី Dresstar Bulldozer សម្រាប់ឈួសឆាយ ជាផលិតផលពីប្រទេសជប៉ុន អាឡឺម៉ង់ ប៉ូទ្បូញ ។

៣.គ្រឿងចក្របម្រើផ្នែកឧស្សាហកម្មម៉ាក TOYOTA FORKLIFT រថយន្តប្រភេទលើកដាក់ទំនិញ,TADANO ដងស្ទូច លើកដាក់ទំនិញ, YAMAHA ម៉ាស៊ីនភ្លើង, CLUB CAR រថយន្ត វាយកូនគោលនិងដំណើរកម្សាន្តផ្សេងៗទៀត ដែលជាផលិតផល របស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក៕