ប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ធនៈក្នុងតម្លៃទឹកប្រាក់ប្រមាណ ៥៨០.៥៦លានដុល្លារ នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២២។ ចំនួននេះបានកើនឡើងប្រមាណ ៤៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៣៩២.១៦លានដុល្លារប៉ុណ្ណោះ។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដែលបានចេញផ្សាយកាលថ្ងៃទី២៧ ខែមិថុនា ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អតិផរណាជាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺកើនឡើងទ្វេដង ខណៈឆ្នាំមុនមានអត្រា២.១ភាគរយ។ មិនតែប៉ុណ្ណោះ អត្រាអតិផរណាក្នុងត្រីមាសទី១ នៅឆ្នាំ២០២២នេះ គឺជាអត្រាដ៏ខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ ដោយសារតែការកើនឡើងនៃតម្លៃប្រេងសាំង ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញពីសន្ទស្សន៍ថ្លៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិផងដែរ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ប្រេងឆៅ (Brent) ថ្លៃ៩៩ដុល្លារក្នុងមួយប៉ារ៉ែល កើនឡើង៦៣.៤ភាគរយ កៅស៊ូ (TSR20) តម្លៃ១ ៧៧១,៧ដុល្លារក្នុងមួយតោនកើនឡើង៥.៩ភាគរយ មាសថ្លៃ ២ ០៥៥.៤ដុល្លារក្នុងមួយអោន ធ្លាក់ចុះ២១.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បាននាំចូលប្រេងពីក្រៅប្រទេសទំាងស្រុងដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយសារកម្ពុជា មិនទាន់មានរោងចក្រផលិត និងកែច្នៃប្រេងនៅក្នុងប្រទេសនៅឡើយ។
ដោយឡែក ការកើនឡើងនៃតម្លៃប្រេងឥន្ទនៈនាំចូលនាពេលនេះ គឺបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ដែលកើតចេញពីការសង្គ្រាមលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន៕ ដោយ៖ ពិសី